(ប៉ារីស, បារំាង)៖ លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានរំលឹកសមាជិកបក្សប្រជាជននៅប្រទេសបាំរាំង ត្រូវថែរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដាច់ខាតមិនឱ្យក្រុមប្រឆាំងណាមកបំផ្លាញ ទោះបីជាត្រូវបង់ក្នុងតម្លៃណាក៏ដោយ។
គួរជម្រាបថា ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំងជាង២០០នាក់ ដែលជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា បានមកជួបជុំគ្នារៀបចំពិធីអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨-មិថុនា-១៩៥១ ដល់ ២៨-មិថុនា-២០២២) នៅទីក្រុងប៉ារី ប្រទេសបារាំង កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់លោកស្រី ម៉ែន សំអន។
ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ជនរួមជាតិខ្មែរដែលរស់នៅប្រទេសបារាំងទាំងអស់ និងអ្នកដែលកំពុងមានវត្តមាននៅទីនេះប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងការនឹករលឹកដ៏ជ្រាលជ្រៅបំផុត។
លោកស្រីបានបន្តេទៀតថា ការរៀបចំពិធីអបអរសាទរខួបលើកទី៧១ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា គឺបានប្រារព្ធមុនចំនួន១២ថ្ងៃ នៃថ្ងៃកំណើតផ្លូវការ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ ពិធីនេះរៀបចំឡើង ក្នុងន័យចងចាំជានិច្ចនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង និងបង្ហាញឱ្យឃើញពីការចូលរួមដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរួមចំណែកទាមទារឯករាជ្យពី អាណានិគមបារាំង ក្រោយបង្កើតឡើងនៅឆ្នាំ១៩៥១ ជាពិសេសគឺគុណតម្លៃដ៏ធំធេងរបស់បក្សក្នុងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រឹងប្រែងស្វះស្វែងរកសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម តាមនយោបាយឈ្នះ-ឈ្នះ និងការស្តារអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។
លោកស្រី ម៉ែន សំអន ក៏បានរំលឹកដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់លំដាប់ថ្នាក់នៃប្រទេសបាំរាំង ត្រូវការប្រកាន់ជំហដ៏ម៉ឺងម៉ាត់ក្នុងការថែរក្សានូវសន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខជាតិ ដែលកម្ពុជាប្រឹងប្រែងរកបានដោយលំបាកបំផុតនេះ មិនឱ្យក្រុមប្រឆាំងជ្រុលនិយម ដែលក្បត់នឹងផលប្រយោជន៍ជាតិ និងប្រជាជន ឬមជ្ឈដ្ឋានអគតិនៅខាងក្រៅណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ក្នុងតម្លៃណាក៏ដោយនោះ៕