(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តំណាងលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនការងារនគរបាលចរណ៍ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធនឹងគោលការណ៍ចុះរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដោយធ្វើការណែនាំកម្លាំងនគរបាលតាមគោលដៅទាំងអស់ ត្រូវអនុវត្តច្បាប់ឲ្យចំទិសដៅ ដែលមានគោលការណ៍ពីអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានសណ្តាប់ធ្នាប់។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកអធិការរងទទួលផ្នែសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌទាំង១៤ និងនាយរងការិយាល័យ នាយផ្នែកជំនាញ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សរុបចំនួន៤២នាក់។
ជាការកត់សម្គាល់ សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍តាមដងផ្លូវ កន្លងទៅក៏មានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋផងដែរ ជាពិសេសការចាប់ផាកពិន័យពួកគាត់ រហូតមានការប្រទូស្តរាយគ្នា និងស្រែកតវ៉ាទៀតផង។ ទោះជាយ៉ាងណាក៏ដោយ អ្នកដំណើរខ្លះ ក៏មិនបានចូលរួមអនុវត្តឲ្យបានត្រឹមត្រូវផងដែរ ដូចជាការបើកបរមិនគោរពភ្លើងក្រហម ការជែងមិនមើលគន្លងផ្លូវ និងបើកបរលើសជាតិអាកុលជាដើម។
នៅក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ឯក សែម រតនា ផ្សព្វផ្សាយផែនការរបស់នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធនឹងគោលការណ៍ចុះរឹតបន្តឹងអនុវត្តច្បាប់ ពោលកងកម្លាំងចរាចរត្រូវអនុវត្តន៍ឲ្យចំគោលការណ៍ដែលបានដាក់ជូនដោយនាយកដ្ឋាន។
លោក សែម រតនា ក៏បានណែនាំដល់កងកម្លាំងចរាចរទាំងអស់ ត្រូវអនុវត្តជាមួយប្រជាពលរដ្ឋប្រកដោយភាពទន់ភ្លន់ តែម៉ឺងម៉ាត់បំផុត។ លោកបានប្រាប់ឲ្យតាមគោលដៅ ត្រូវពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ពីច្បាប់ ចរាចរណ៍ផ្លូវ គោក នៅពេលពួកគាត់បើកបរមានកំហុស ពោលមិនត្រូវចាប់ផាកពិន័យដោយមិនបានប្រាប់ពីហេតុផលត្រឹមត្រូវនោះឡើយ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសរបស់យើង៕