(ភ្នំពេញ)៖ ក្រុមយុវជននៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា និងនិងសមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានចេញលិខិតអបអរសាទរជូនចំពោះលោក សំហេង បុរស ដែលទទួលបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ មុខងារបច្ចុប្បន្នរបស់លោក គឺជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

តាមរយៈលិខិតអបអរសាទរដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា គណៈកម្មការប្រតិបត្តិ សមាជិក សមាជិកា សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា និងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ដែលជាវិនិយោគិន ពាណិជ្ជករ អាជីវករ សហគ្រិន ឧស្សាហករ សិប្បករ ធុរជនទីផ្សារបណ្តាញ វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាក ឆ្មប ទន្តពេទ្យ អ្នកលក់ឱសថ អ្នកអភិវឌ្ឍន៍ដីធ្លី និងសំណង់ អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ អ្នកប្រកបវិជ្ជាជីវៈ សិស្ស និស្សិត និងយុវជន តាមវិស័យតាមផ្នែក សូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើបឥតឧបមា និងអបអរសាទរដ៏ស្មោះស្ម័គ្រជូនចំពោះឯកឧត្តម ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងឯកឧត្តមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន នាពេលថ្មីៗនេះ។

លិខិតអបអរសាទរបានបន្តថា ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា និងសមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានកោតសរសើរយ៉ាងក្រៃលែងចំពោះលោក សំហេង បុរស ដែលបានយកឆន្ទៈមនសិការ បញ្ញាញាណ ពុះពាររាល់ឧបសគ្គគ្រប់បែបយ៉ាង រហូតសម្រេចបានលទ្ធផលដ៏ប្រពៃ ដែលរួមចំណែកបម្រើឧត្តមប្រយោជន៍ជាតិ
និងប្រជាជនកម្ពុជា ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមដឹកនាំប្រទេសជាតិប្រកបដោយគតិបណ្ឌិត ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕

គួរជម្រាបថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២២/៦៤៦ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ទ្រង់បានត្រាស់បង្គាប់តែងតាំងលោក សំហេង បុរស ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ដើម្បីគ្រប់គ្រង និងដឹកនាំជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម ដែលមានលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ដែលត្រូវបានតែងតាំងតាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤២២/១១ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

មូលនិធិជាតិជំនួយសង្គម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលមួយដែលត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ៦៨ អនក្រ. បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ មូលនិធិនេះមានតួនាទីជាស្ថាប័នគ្រប់គ្រង និងដឹកនាំការងាជំនួយសង្គម ការបើកផ្តល់ប្រាក់សោធននិវត្តន៍សម្រាប់មន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន។

មូលនិធិជាតិនេះបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នានៃបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល បេឡាជាតិអតីតយុទ្ធជន និងកម្មវិធីជំនួយសង្គម។ នៅពេលអនាគត មូលនិធិនេះនឹងបន្តដឹកនាំការងារកម្មវិធីជំនួយសង្គមកញ្ចប់គ្រួសារដោយផ្តោតទៅលើការគិតគូរទៅលើគ្រួសារក្រីក្រ ដូចជា ១.ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២.មនុស្សវ័យចំណាស់អាយុ៦០ឆ្នាំឡើង ៣.ជនមានពិការភាព ៤.គ្រួសារផ្ទុកមេរោគអេដស៍ ៥.អាហារូបករណ៍សិស្សរៀននៅមធ្យមសិក្សាចំណេះទូទៅពីថ្នាក់ទី១-១២ ការគ្រប់គ្រងនិងដឹកនាំកម្លាំងសេវាសង្គម និងការអនុវត្តនូវគម្រោងជំនួយសង្គមផ្សេងៗ ដើម្បីធានានូវការរស់នៅប្រកបដោយសុខុមាលភាព ស្របតាមក្របខណ្ឌជាតិគោលនយោបាយគាំពារសង្គម ២០១៦-២០២៥៕

ខាងក្រោមនេះជាលិខិតអបអរសាទររបស់សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា៖