(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំពិធីជូនដំណើរសិស្សវិទ្យាល័យកម្ពុជា ចំនួន១២នាក់ ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន តាមរយៈកម្មវិធីអាហារូបករណ៍អាស៊ីការកហាស៊ី (Kakehashi) ឆ្នាំ២០២២។
ពិធីនេះមានការចូលរួមដោយ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក យក់ ង៉ុយ រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា, លោក ស៊ាង អិមល នាយករងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ព្រមទាំងអាណាព្យាបាលសិស្ស និងអតីតសិស្សអាហារូបករណ៍អាស៊ីកាកហាស៊ី និងសិស្សជំនាន់ទី៥ ទាំងអស់ផងដែរ។
លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអបអរសាទរដល់សិស្សជំនាន់ទី៥នេះ ទាំងអស់ ដែលបានជាប់ អាហារូបករណ៍អាស៊ីកាកហាស៊ីនេះ។
ឯកអគ្គរាជទូតជប៉ុនរូបនេះ បានបន្តថា អាហារូបករណ៍អាស៊ីកាកហាស៊ី បានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ដែលនឹងក្លាយជាស្ពានមេត្រីភាពនៅអាស៊ី។ នៅឆ្នាំ២០២២នេះ ជប៉ុនមានគម្រោងទទួលយកសិស្សវិទ្យាល័យចំនួន២៥០នាក់ មកពី២០ប្រទេស និងតំបន់អាស៊ី ដើម្បីទៅសិក្សានៅវិទ្យាល័យទូទាំងប្រទេសជប៉ុន ក្នុងនាមជានិសិ្សតបរទេស ក្នុងនោះមានសិស្សវិទ្យាល័យមកពីប្រទេសកម្ពុជា១២នាក់ផងដែរ។
លោកបានបន្តថា មកទល់ពេលនេះ សិស្សវិទ្យាល័យកម្ពុជាចំនួន៣៧នាក់ហើយ បានទៅសិក្សានៅប្រទេសជប៉ុនតាមរយៈ អាហារូបករណ៍នេះ។ លើកនេះ លោកបានឮថា ក្មួយៗនឹងទៅសិក្សានៅវិទ្យាល័យទូទាំងប្រទេសជប៉ុន ចាប់ពី ហុកកៃដូ រហូតដល់ខេត្តមិយ៉ាហ្សាតិ។
លោកជឿជាក់ថា សិស្សដែលបានជាប់អាហារូបករណ៍ដ៏ពិបាកនេះនឹងមិនមានបញ្ហាអ្វីទៀតទេ ហើយនឹងទទួលបានបទពិសោធន៍ថ្មីនៅក្នុងតំបន់នីមួយៗ និងបង្កើតការចងចាំដ៏អស្ចារ្យ។ លោកអះអាងថា និស្សិតអន្តរជាតិ ដែលមកពីកម្ពុជារហូតមកដល់ពេលនេះ មានភាពវិជ្ជមាន រួសរាយរាក់ទាក់ និងទទួលបានកេរ្តិ៍ឈ្មោះយ៉ាងល្អ។ វិទ្យាល័យដែលធ្លាប់ទទួលកូនសិស្សកម្ពុជាទាំងអស់ ទំនងជាកំពុងស្នើសុំ ទទួលកូនសិស្សកម្ពុជាម្តងទៀត។
លោកសង្ឃឹមថា សិស្សជាយុវជននឹងយល់កាន់តែស៊ីជម្រៅអំពីភាសា វប្បធម៌ និងសង្គមជប៉ុន តាមរយៈបទពិសោធន៍សិក្សានៅជប៉ុន ហើយដូចទៅនឹងឈ្មោះគម្រោងនេះ ដែលសិស្សនឹងក្លាយទៅជា «Kakehashi, (ស្ពានមេត្រីភាព)» ដែលតភ្ជាប់ប្រទេសទាំងពីរកម្ពុជា-ជប៉ុន។
បន្ថែមពីនេះទៀត ឯកអគ្គរាជទូតជប៉ុន ក៏បានថ្លែងអំណរគុណចំពោះអាណាព្យាបាលរបស់សិស្សទាំងអស់ ដែលបានគាំទ្រដល់បំណងប្រាថ្នារបស់កូនៗ ដើម្បីឲ្យពួកគាត់ទទួលបានបទពិសោធន៍ថ្មីៗនៅក្នុងប្រទេសជប៉ុន។ លោកជឿជាក់ថា បទពិសោធន៍សិក្សានៅបរទេស និងរស់នៅក ប្រទេសជប៉ុន ប្រាកដជានឹងពង្រីកការយល់ដឹងដល់សិស្សទាំងអស់ ព្រមទាំងផ្តល់ជាទុនសម្រាប់ថ្ងៃអនាគតទៀតផង៕