(ត្បូងឃ្មុំ)៖ នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការហ្វឹកហ្វឺន បានអញ្ជើញដឹកនាំរៀបចំហ្វឹកហាត់សាកល្បងដំណើរការកម្មវិធី ដើម្បីត្រៀមអបអរខួបលើកទី៤៥ ទិវានៃការចងចាំដំណើឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ឆ្នាំ២០២២)។
សូមជម្រាបថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មីញជើង នាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិនៅព្រំដែន កម្ពុជា-វៀតណាម។
កាលពីថ្ងៃទី១៦ ខែមិថុនា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម X-១៦ និងប្រារព្ធពិធីក្រុងពាលី បញ្ចុះអថ័ន បំពេញញាណបារមីស្តេចនាគមហាជ័យ គង់នៅស្រះទឹកស្តេចនាគមហាជ័យ ព្រមទាំងបើកកិច្ចប្រជុំការងារត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
ពីធីរំលឹកខួបលើកទី៤៥ឆ្នាំ នៃដំណើររបស់សម្តេច ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីរំលឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ក្នុងការបូជាសាច់ស្រស់ឈាមស្រស់របស់សមមិត្ត ហ៊ុន សែន និងសមមិត្តដែលជាឥស្សរជនស្នេហាជាតិផ្សេងៗជាច្រើនទៀត សម្រាប់បង្ហាញដល់យុវជនជំនាន់ក្រោយឱ្យបានយល់ដឹង និងចងចាំនូវគំរូវីរៈភាព ក្នុងការរំដោះជាតិមាតុភូមិ ចេញពីរបប ប៉ុល ពត ដែលជារបបវាលពិឃាត ខ្មៅងងឹត យង់ឃ្នង បន្ថែមទៀត ក៏ដូចជាសម្ពោធនូវសមិទ្ធផលនានាជាច្រើននៅតំបន់ប្រវត្តិសាស្ត្រមួយនេះ។
ទិវាចងចាំទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានា របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិ ត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ក៏ដូចជាតម្កល់នៅសារៈមន្ទីរប្រវត្តិសាស្ត្រកោះថ្ម ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយៗទៀត បានសិក្សារៀនសូត្រពីប្រវត្តិសាស្រ្តដ៏ជូចត់ នៃការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន និងមិត្តរួមដំណើរដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីប្រទេសជាតិទាំងមូលឱ្យរួចផុតពីរបបប៉ុល-ពត ឱ្យប្រជាពលរដ្ឋខ្មែរ ជាកូន ជាចៅ ជាចៅទួត សិក្សារៀនសូត្រ ចងចាំព្រឹត្តិការណ៍នេះ ក៏ដូចជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា ស្វែងយល់ផងដែរ៕