(ភ្នំពេញ)៖ រកឃើញម្ចាស់ជ័យលាភី៣ក្រុម ដែលបានឈ្នះរង្វាន់ពីកម្មវិធីផលិតវីដេអូខ្លីស្ដីពី «ចំណេះដឹងហិរញ្ញវត្ថុ» ប្រចាំឆ្នាំ២០២២ រដូវកាលទី២ ក្រោមប្រធានបទស្ដីពី ចំណេះដឹងហិរញ្ញវត្ថុតាមគន្លងប្រក្រតីថ្មី។
កម្មវិធីប្រគល់ពានរង្វាន់ការផលិតវីដេអូខ្លីស្តីពី ចំណេះដឹងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ នេះរៀបចំឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។
រៀបចំដោយក្រុមហ៊ុនឫទ្ធិពល សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេម បូឌា) និងសហការរៀបចំដោយក្រុមហ៊ុនវីសា ក្នុងគោលបំណងផ្សព្វផ្សាយអំពីចំណេះដឹងហិរញ្ញវត្ថុ ឱ្យកាន់តែបានទូលំទូលាយទៅដល់ប្រជាជនកម្ពុជា។
ម្ចាស់ជ័យលាភីទាំង៣ក្រុមក្នុងរដូវកាលទី២ នៃកម្មវិធីផលិតវីដេអូខ្លីស្តីពី «ចំណេះដឹងហិរញ្ញវត្ថុ» បានលើក្រុម Smooth, ក្រុម 3 Mate និងក្រុម TAX STUFF។ ក្នុងនោះម្ចាស់ជ័យលាភីលេខ១បានលើក្រុម៖
១៖ ជ័យលាភីលេខ១ បានទៅលើក្រុម Smooth ផលិតរឿង «ទម្លាប់» ទទួលបានប្រាក់រង្វាន់ចំនួន ៨,០០០,០០០រៀល។
២៖ ជ័យលាភីលេខ២ បានទៅលើក្រុម 3 Mate ផលិតរឿង «លុយប៉ុណ្ណឹង» ទទួលបានប្រាក់រង្វាន់ចំនួន ៦,០០០,០០០រៀល។
៣៖ ជ័យលាភីលេខ៣ បានទៅលើក្រុម TAX STUFF ផលិតរឿង «ចាំបាច់ ឬមិនចាំបាច់» ទទួលបានប្រាក់រង្វាន់ចំនួន ៤,០០០,០០០រៀល។
ក្រៅពីប្រាក់រង្វាន់ក្រុមនីមួយៗ ក៏ទទួលបានពានរង្វាន់១ លិខិតសរសើរ១ ព្រមទាំងឱកាសផ្សេងៗទៀតផងដែរ។
លោក ង៉ោ លីកូ អនុប្រធានគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា បានថ្លែងថា កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តយុវជន យុវនារីឱ្យចូលរួមសិក្សាស្រាវជ្រាវបង្កើតជាវីដេអូអប់រំខ្លីៗ ស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលផ្សារភ្ជាប់ជាមួយនឹងការរស់នៅក្នុងបរិបទថ្មី។
នេះជាឆ្នាំទី២ហើយដែលសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុនឫទ្ធិពល បានផ្តួចផ្តើមកម្មវិធីនេះឡើង ដោយឡែកឆ្នាំនេះក៏ទទួលបានការចូលរួមពីសំណាក់ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) និងក្រុមហ៊ុនវីសា ខេមបូឌា។
លោកបានបន្ដថា ការដាក់ពាក្យ ការប្រកួតប្រជែង ការជម្រុះ ការថតវីដេអូរបស់បេក្ខជន បេក្ខនារី និងការវាយតម្លៃពីគណៈកម្មាការជំនាញ មកពីគ្រឹះស្ថានពាក់ព័ន្ធផ្សេងៗគ្នា សង្កេតឃើញថា វីដេអូទាំងអស់ផលិតដោយយុវជន យុវនារី ពិតជាមានគំនិតច្នៃប្រឌិតខ្ពស់ និងមានការយល់ដឹងផ្នែកហិរញ្ញវត្ថុ បានល្អប្រសើរច្រើន ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩។
លោកបានឲ្យដឹងថា សារអប់រំដែលផលិតឡើងជាវីដេអូទាំងអស់នេះ បានបង្កប់នូវអត្ថន័យ អត្ថរូប អត្ថរស់ និងខ្លឹមសារអប់រំជាក់ស្ដែង ពីចំណេះដឹងហិរញ្ញវត្ថុក្នុងសង្គមកម្ពុជា ហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមូលដ្ឋាននេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋអប់រំហិវញ្ញវត្ថុ ដើម្បីជាប្រយោជន៍ ដល់សាធារណជន ក្នុងការម្រេចចិត្តជ្រើសរើសយកសេវាហិរញ្ញវត្ថុដែលសមស្រប និងត្រឹមត្រូវអាចជួយសម្រចគោលដៅហិរវញ្ញវត្ថុរបស់ខ្លួនយើង សហគមន៍យើង និងជាពិសេស ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់យើងផងដែរ។
លោកបានបញ្ជាក់ថា យោងតាមរបាយការណ៍ចេញផ្សាយ ដោយអង្គការ UNCDF ប្រទេសដែលប្រជាជនខ្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការមិនទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ប្រជាជននឹងបាត់បង់នូវតម្រូវការចាំបាច់សំខាន់ៗចំនួន៥តម្រូវការ ជាមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល និងឱកាសសហគ្រិនភាព កត្តាទាំងនេះនឹងធ្វើឱ្យរាំងស្ទះ ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនោះ។
លោកបានបញ្ជាក់ថា ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាជារបៀបវារៈចម្បងមួយ ក្នុងចំណោមរបៀបវារៈដទៃទៀត ដែលសមាជិក ក៏ដូចជាសមាគមធនាគារនៅកម្ពុជា ជាពិសេសគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ បាននឹងកំពុងអនុវត្ត និងបានដាក់ចេញសកម្មភាពជាបន្តបន្ទាប់។
លោក ទិត្យ កំរង ស្ថាបនិកក្រុមហ៊ុនឫទ្ធិពល និងអេបកត់លុយ បានថ្លែងថា កម្មវិធីពានរង្វាន់នៃការផលិតវីដេអូខ្លីស្តីពី «ចំណេះដឹងហិរញ្ញវត្ថុ» ប្រចាំឆ្នាំ២០២២ ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យមានការចូលរួម ពីយុវជនក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ តាមរយៈការផលិតជាវីដេអូខ្លី។ កម្មវិធីនេះបានចូលរួមចំណែកទៅនឹងយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា និងជាពិសេសយុវជន ដើម្បីជួយឱ្យពួកគេយល់ដឹងពីសិទ្ធិ ក្នុងការប្រើប្រាស់ ជ្រើសរើស ចរចា លើសេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យបានកាន់តែប្រសើរឡើង។
លោកបានបញ្ជាក់ថា «ស្របពេលធនធានមានកម្រិត ចំណេះដឹងហិរញ្ញវត្ថុជួយយើងឱ្យចាត់ចែងធនធានទាំងនោះ ដើម្បីបម្រើឱ្យតម្រូវការចាំបាច់ប្រចាំថ្ងៃ អាចដោះស្រាយបាននូវបញ្ហា ឬគ្រោះថ្នាក់នានាដែលមិនអាចស្មានទុកជាមុន និងធានាបាននូវអនាគតដ៏ល្អប្រសើរមួយ សម្រាប់កូនចៅជំនាន់ក្រោយរបស់ខ្លួន។ ជំនាញនេះកាន់តែសំខាន់ សម្រាប់យុវជន ដើម្បីគេអាចត្រៀមខ្លួនមុនពេលប្រឡូក ចូលក្នុងជីវិតការងារ»។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនឫទ្ធិពលបានធ្វើការបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុតាំងពីឆ្នាំ២០១២ និងមានបទពិសោធ៍រៀបចំកម្មវិធីសិក្សាទាក់ទង ការបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុ តាមសហគមន៍ និងយុវជន និងបានធ្វើការងារជាមួយបណ្ដាអង្គការជាតិ និងអន្តរជាតិ ស្ថាប័នឯកជន ស្ថាប័នរដ្ឋាភិបាល សកលវិទ្យាល័យនានាជាច្រើន ដើម្បីឱ្យការបណ្ដុះបណ្តាល ដល់ប្រជាពលរដ្ឋក្នុងសហគម៍កាន់តែទទួលបានប្រសិទ្ធិភាពខ្ពស់៕