(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងភរិយារួមជាមួយក្រុមការងារជាច្រើននាក់ទៀត បានអញ្ជើញចូលរួមក្នុងពិធីរំលឹក វិញ្ញាណក្ខន្ធ ជូនប្រជាពលរដ្ឋ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ។
លោក ឃឹម ប៊ុនសុង បានបន្តថា «ក្នុងនាមគណបក្សប្រជាជនកម្ពុជា អាជ្ញាធរដែនដីខេត្តសៀមរាប សូមសម្តែងនូវគារវកិច្ចកតញ្ញូតាធម៌ និងកោតសរសើរ ដ៏ស្មោះបំផុត ប្រគេន និងជូនចំពោះព្រះតេជព្រះគុណ ព្រះថេរានុតេ្ថរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបាននិមន្ត និងអញ្ជើញ ចូលរួម ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ដែលបានសម្តែងនូវព្រះទ័យ ទឹកចិត្ត និងអារម្មណ៍សោកស្តាយ ជាទីបំផុតចំពោះសោកនាដកម្ម និងការឈឺចាប់នានា ដែលពលរដ្ឋកម្ពុជាបានឆ្លងកាត់ ក្នុងរបបខ្មែរក្រហម»។
អភិបាលខេត្តសៀមរាប បានបន្ថែមទៀតថា ការជួបជុំនៅព្រឹកនេះគឺជាការសម្តែងនូវឆន្ទៈរួបរួម ក្នុងការថ្កោលទោស និងការទាមទាររកយុត្តិធម៌ ជូនប្រជាជនកម្ពុជា ដែលបានរងគ្រោះដោយសាររបបដ៏យង់ឃ្នងនេះ។
គួរបញ្ជាក់ថា លោក ឃឹម ប៊ុនសុង និងក្រុមការងារ តែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ នៅខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេសដើម្បីសម្តែង នូវការនឹករលឹក គោរពស្រលាញ់ និងការសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះជនរួមជាតិដែលបានបាត់បង់ជីវិតដោយសារ របបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលដឹកនាំដោយពួក ប៉ុល ពត, អៀង សារី, ខៀវ សំផន៕