(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងបញ្ជាក់ថា «វប្បធម៌សន្ទនានៅតែរក្សាទុក និងបន្តធ្វើដដែល ដោយគ្មានការបោះបង់ចោលឡើយ រវាងរាជរដ្ឋាភិបាល និងគណបក្សប្រឆាំង»។
ក្រោយពីជួបប្រជុំជាមួយលោក ចាង បៃរូ អនុប្រធានប្រតិបត្តិគណៈកម្មាធិការអចិន្ត្រៃយ៍សភា ប្រជាជនខេត្តយូណាន ប្រទេសចិន នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ នាទីស្ដីការគណៈរដ្ឋមន្រ្តី លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រាប់អ្នកសារព័ត៌មានថា «រាជរដ្ឋាភិបាល នៅតែរង់ចាំស្វាគមន៍ គណបក្សប្រឆាំង ក្នុងការពិភាក្សាការងារដោយសន្តិវិធី ពោលគឺវប្បធម៌សន្ទនា នៅតែរក្សាទុក និងបន្តធ្វើជាមួយពួកគេដដែល។ ប្រទេសកម្ពុជាជាប្រទេសនីតិរដ្ឋ គោរពលទ្ធិប្រជាធិបតេយ្យ មានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយប្រជាពលរដ្ឋ អ្នកធ្វើការពារសិទ្ធិមនុស្ស អ្នកនយោបាយទាំងអស់ មិនថានរណាឡើយ ត្រូវគោរពច្បាប់ និងអនុវត្តជាប់ជានិច្ច គ្មានបុគ្គលណាម្នាក់រំលោភបំពាន ឬ នៅពីលើច្បាប់នោះទេ»។
សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ ក្រុមមតិភាគច្រើនក្នុងរដ្ឋសភា ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង បានជួបប្រជុំពិភាក្សាជាមួយក្រុមមតិភាគតិច ដឹកនាំដោយ លោក កឹម សុខា នៅវិមានរដ្ឋសភា ដើម្បីពង្រឹងវប្បធម៌សន្ទនាឡើងវិញ៕