(កណ្តាល)៖ កម្លាំងអាវុធហត្ថខេត្តកណ្តាល ក្រោមបញ្ជាផ្ទាល់ពីមេបញ្ជាការ អាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សំ តុលា និងមាន ការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តលោក លឹម សុគន្ថា នៅប៉ុន្មានថ្ងៃនេះ បានបើកប្រតិបត្តិការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន លើការបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនដំធំ ប្រចាំស្រុកស្អាង ខេត្តកណ្តាល ជាលទ្ធផលចាប់ខ្លួន សង្សារមួយគូ និងដកហូតថ្នាំញៀនមួយចំនួនធំ ខណៈអ្នកចែកចាយថ្នាំធំ ប្រចាំស្រុកស្អាង បានរត់គេចខ្លួន។
សម្រាប់សម្លើយសារភាពរបស់ជនសង្ស័យ ដែលត្រូវចាប់ខ្លួនបាននេះ ពួកគេនិយាយថា ថ្នាំញៀនភាគច្រើនត្រូវបាននាំយកមកពី ម្តុំក្តាន់២ នារាជធានីភ្នំពេញ ហើយយកទៅចែកចាយនៅស្រុកស្អាង ដោយធ្វើការវេចខ្ចប់តូច ដើម្បីចែកបន្តដល់កូនចៅរបស់ខ្លួន។ សម្រាប់ជនសង្ស័យទាំង២ នាក់ដែលជាគូសង្សារនឹងគ្នានោះ ត្រូវបានចៅក្រមសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ ពន្ធនាគារ ហើយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។
មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះថាក្រោយពីធ្វើការតាមដាន និងស្រាវជ្រាវអស់ជាច្រើនថ្ងៃកន្លងមក នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ កម្លាំងជំនាញមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងតាខ្មៅ បានចុះប្រតិបត្តការបង្រ្កាបជាក់ស្តែង ករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងចាប់យកវត្ថុតាងជាក់ស្តែង រួមមាន៖ ថ្នាំញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ ទម្ងន់១.៥៦ក្រាម និងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង។
ក្រោយពីធ្វើការសាកសួរ និងមានការសារភាពពីជនសង្ស័យ ព្រមទាំងបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកណ្តាល និងលោកឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញបានធ្វើប្រតិបត្តិការបន្ត ទៅឆែកឆេរលំនៅដ្ឋាន មួយកន្លែងរបស់ជនសង្ស័យម្នាក់ទៀត ជាបក្ខពួក មានទីតាំងស្ថិតក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ដែលជាអ្នក លក់ថ្នាំញៀនដ៏ធំមួយរូបទៀត។ ប៉ុន្តែជននេះ បានដឹងខ្លួនមុនក៏គេចខ្លួនបាត់ បន្សល់ទុកតែថង់ផ្លាសស្ទិច សម្រាប់វេចខ្ចប់និងសម្ភារ សម្រាប់ជក់មួយចំនួនតែប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងដែលចាប់ ដកហូតបានការិយាល័យបទល្មើសគ្រឿងញៀនខេត្ត បានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូង ខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តរួចនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។ នៅថ្ងៃទី១៨ ដដែលដោយ ទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់ និងការស៊ើបអង្កេតអស់ជាច្រើនម៉ោង បន្ថែមទៀតមក កម្លាំងអាវុធហត្ថ បានឈានដល់ការ កំណត់មុខសញ្ញា ហើយកម្លាំងជំនាញបានសុំគោលការណ៍ និងការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល នៅវេលាម៉ោង១៤៖៣៣នាទី បានធ្វើការឈែកឆេរលំនៅដ្ឋានមួយកន្លែងទៀត ស្ថិតក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ដែលជាកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ឈ្មោះ សៀវយី ភេទស្រី អាយុ១៦ឆ្នាំ មានមុខរបរនិងទីលំនៅមិន ពិតប្រាកដ (ត្រូវជាសង្សារបស់ជនល្មើស ផារុទ្ធ)។
ពេលនោះកម្លាំងបានដកហូតវត្ថុតាងថ្នាំញៀន (ម៉ាទឹកកក) ចំនួន០៣កញ្ចប់ធំ ទម្ងន់២២.០០ក្រាម គឺជារបស់ឈ្មោះ ផារុទ្ធ ឲ្យរក្សាទុកឲ្យ។ បច្ចុប្បន្នជនល្មើស ឈ្មោះ សៀវយី ត្រូវបានឃាត់ខ្លួននិងជំនាញបាន កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលា ដំបូងខេត្តកណ្តាល ឃុំខ្លួននៅពន្ធនាគារខេត្តរួចនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។ រីឯឈ្មោះ ផារុទ្ធ បានឆ្លើយសារភាពជាលើកទីពីរ នៅក្នុងពន្ធនាគារខេត្តកណ្តាលថា «ថ្នាំញៀនចំនួន០៣កញ្ចប់នោះ គឺជារបស់ខ្លួនផ្ញើឲ្យ ឈ្មោះ ណាក់ សៀវយី រក្សាទុកឲ្យទេ គឺខ្លួនបានទៅទិញពីក្តាន់២ ក្នុងភ្នំពេញយកមកបំបែបក ជាកញ្ចប់តូចៗលក់បន្ត កម្លាំងជំនាញកំពុងស្រាវជ្រាវអនុវត្តតាមនីតិវិធីច្បាប់»។
មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបញ្ជាក់ថា ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តកណ្តាល កម្លាំងរបស់លោក នឹងបន្តចុះស្រាវជ្រាវដូចភ្លៀងរលឹម ដើម្បីបង្ក្រាបករណី គ្រឿងញៀននៅក្នុងខេត្តកណ្តាល គោលបំណងចូលរួមលុបបំបាត់បទល្មើសដ៏គ្រោះថ្នាក់មួយនេះ សម្រាប់សង្គមជាតិ៕