(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានស្នើឱ្យ អាជ្ញាធរខេត្តយូណាន់ ជំរុញដល់វិនិយោគិនរបស់ខ្លួន ទិញផលិតផលកសិកម្មពីកម្ពុជា បន្ថែមពីលើការទិញអង្ករ កន្លងមក។
លោកឧបនាយករដ្ឋមន្រ្តី បានជំរុញឱ្យចិន ទិញផលិតផល កៅស៊ូ ស្ក ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី ចេក និងម្រេច បន្ថែមទៀត ទោះបីចិនបានទិញអង្ករពីកម្ពុជា ១០០,០០០តោន ក្នុង១ឆ្នាំហើយក៏ដោយ។ ជាងនេះទៅទៀត ឧបនាយករដ្ឋមន្ដ្រី ក៏បានស្នើបន្ថែមឱ្យចិន មកវិនិយោគនៅកម្ពុជា លើវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងកសិ-ឧ្សាហកម្មស្បៀង ផងដែរ។
សំណើរបស់ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានធ្វើឡើងនៅក្នុងជួបពិភាក្សាការងារជាមួយ លោក ចាង បៃរូ អនុប្រធានប្រតិបត្តិ នៃគណៈកម្មាធិកាអចិន្ត្រៃយ៍សភាប្រជាជន ខេត្តយូណាន់ ប្រទេសចិន នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ។
នៅក្នុងជំនួបនេះ លោក ចាង បៃរូ បានអញ្ជើញឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ចូលរួមកិច្ចប្រជុំពេញអង្គ ស្ដីពីការតាំងពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៩ និងការតាំងពិពណ៌មុខទំនាញនាំចេញ-នាំចូល គុនមិញ លើកទី២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។ ក្នុងកិច្ចប្រជុំពេញអង្គនេះដែរនឹងមានការចូលរួមពី ឧបនាយករដ្ឋមន្ដ្រីវៀតណាម ឧបនាយករដ្ឋមន្ដ្រីភូមា ឧបនាយករដ្ឋមន្ដ្រីថៃ ឧបនាយករដ្ឋមន្ដ្រីឡាវ ឧបនាយករដ្ឋមន្ដ្រីនេប៉ាល់ និងឧបនាយរដ្ឋមន្ដ្រីកម្ពុជា ផងដែរ។
សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះមានការឆ្លើយតមពីប្រទេស ប្រមាណ៧០ប្រទេសរួចហើយ ដែលចូលរួមក្នុងពិពណ៌ចិន-អាស៊ីខាងត្បូងលើកទី៩នេះ ជាងនេះទៅទៀតក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ក៏ចូលរួមក្នុងពិពណ៌នេះផងដែរ។
ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏បានស្នើបន្ថែមឱ្យ ខេត្តយូណាន់ បន្ដចុះហត្ថលេខាលើ អនុស្សារណៈថ្មីមួយជាមួយ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដោយកន្លងមកខេត្តយូណាន់ បានជួយខេត្តទាំងពីរនេះ ក្នុងការធ្វើកសិដ្ឋានគំរូ និងជួយបង្រៀនកសិករដាំបន្លែ ដែលមានទិន្នផលខ្ពស់ផងដែរ៕