(អេហ្ស៊ីប)៖ ការរុករកជើងហោះហើរអេហ្ស៊ីប EgyptAir Flight 804 នៅតែបន្តនៅឡើយឈានចូល មកដល់ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១៦នេះ បន្ទាប់ពីសេចក្តីរាយការណ៍ដែលថាបានរកឃើញ បំណែកមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍នោះ ត្រូវបានក្រុមរុករកច្រានចោល ថាមិនមែនជារបស់ យន្តហោះដែលកំពុងបាត់ខ្លួននោះឡើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយភ្នាក់ងារ តាមដានស្ថានការណ៍របស់ CNN នាព្រឹកថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១៦។

អ្នកវិភាគរបស់សារព័ត៌មានខាងលើនេះបានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីបមាន ការសង្ស័យថាយន្តហោះខាងលើនេះ ត្រូវបានដាក់បង្កៃគ្រាប់បែកឲ្យផ្ទុះនៅលើអាកាស បន្ទាប់ពីវា បានហោះចេញពីទីក្រុងប៉ារីសប្រទេសបារាំង ឆ្ពោះទៅកាន់រដ្ឋធានីគែររបស់អេហ្ស៊ីប ហើយដែល ប្រទេសបារាំងនេះ ក៏ធ្លាប់ទទួលរងនូវអំពើភេរវកម្មជាច្រើនលើកមកហើយដែរ។

លោក Adel អ្នកនាំពាក្យអាកាសចរណ៍អេហ្ស៊ីប បានប្រាប់ស៊ីអិនអិននៅថ្ងៃសុក្រនេះថា «យើង សូមបញ្ជាក់ថាបំណែកដែលត្រូវបានរកឃើញនោះ មិនមែនជារបស់យន្តហោះដែលកំពុងបាត់ ដំណឹងនោះឡើយ ដូច្នេះការរុករកនៅតែកំពុងបន្ត។ អាកាសចរណ៍ EgyptAir មិនបានចូលរួមក្នុង ប្រតិបត្តិរុករកនោះឡើយ ដោយយើងរង់ចាំទទួលព័ត៌មានពីអាជ្ញាធរក្រិក និង យោធាអេហ្ស៊ីប»។

ដោយឡែករដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលអេហ្ស៊ីបលោក Sharif Fathi បានថ្លែងដូច្នេះថា «បញ្ហា បច្ចេកទេស និង ភេរវកម្ម សុទ្ធសឹងតែអំពើដែលអាចកើតឡើង។ ប៉ុន្តែប្រសិនបើអ្នកសម្លឹងមើល ស្ថានភាពជាក់ស្តែង វាជាអាចបណ្តាលមកពីសកម្មភាពណាមួយពីខាងក្រៅ ច្រើនជាងបញ្ហា បច្ចេកទេស នោះគឺអាចជាអំពើភេរវកម្មច្រើនជាង»។

គួរបញ្ជាក់ថាយន្តហោះ EgyptAir Flight 804 ដែលជាប្រភេទAirbus A320 ដឹកមនុស្សសរុប ៦៦នាក់ បានបាត់ដំណឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយតំណាក់កាលដំបូង គេសង្ស័យថាវាអាចធ្លាក់ទៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ ក្បែរកោះមួយរបស់ប្រទេសក្រិក។ បច្ចុប្បន្នក្រុមរុករកដែលកំពុងបំពេញប្រតិបត្តិការស្វែងរកយន្តហោះ មានមកពីប្រទេសក្រិក អេហ្ស៊ីប និងបារាំង៕