(ភ្នំពេញ)៖ ក្រោយធ្វើការវិភាគអស់មួយរយៈកន្លងមក ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសមួយទៀត ដោយអះអាងថា បញ្ហាទឹកសមុទ្រប្រែពណ៌ដែលមាននៅខេត្តកែបកន្លងមកនោះ មិនប៉ះពាល់ដល់សុខភាពទេ។
លទ្ធផលនៃការវិភាគរបស់ក្រសួងបរិស្ថាន ដោយមានការសហការជាមួយអ្នកជំនាញអង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ដោយមានជំនួយផ្នែកបច្ចេកទេសពី Western Pacific ដែលបានបង្ហាញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ពពូួកប្លង់តុងដែលពិនិត្យឃើញនៅក្នុងទឹកសមុទ្រនោះ ជាប្រភេទធម្មតា និងពមានវត្តមានប្រភេទប្លង់តុងដែលបង្កឱ្យប៉ះពាល់ដល់សុខភាពមនុស្សសត្វឡើយ។ មួយវិញទៀត ករណីទឹកសមុទ្រប្រែពណ៌នវ មិនមានសារធាតុគីមីពុល នៅក្នុងទឹកសមុទ្រឡើយ។
សូមជំរាបថា កាលពីដើមខែមេសា កន្លងទៅនេះ ទឹកសមុទ្រនៅខេត្តកែប បានប្រែពណ៌ខុសពីធម្មតា ដោយមានពណ៌ទឹកឡើងបៃតងខ្ចី ហើយបណ្តាលឱ្យសត្វសមុទ្រមួយចំនួន ដូចជាក្តាម បង្គារ រួមទាំងសត្វសមុទ្រផ្សេងទៀត ងាប់ជាបន្តបន្ទាប់។ ហេតុការណ៍នេះ បានបណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួន ព្រួយបារម្ភអំពីផលប៉ះពាល់ផ្សេងៗ។
ប៉ុន្តែទោះជាយ៉ាងណា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសម្តងរួចទៅហើយ ដោយអះអាងថា តំបន់ដែលមានទឹកសមុទ្រពណ៌បៃតងខ្ចី នៅខេត្តកែប និងតំបន់ជុំវិញនោះ មិនមានសារធាតុគ្រោះថ្នាក់នោះទេ៕