លោក ប៉ា សុជាតិវង្ស ដឹកនាំអភិបាលខណ្ឌទាំង១២ គោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបប ប៉ុល ពត នៅជើងឯក
20-05-2016 11:13
(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដឹកនាំអភិបាលខណ្ឌទាំង១២ បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋ ដែលបានស្លាប់នៅមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងសម័យប៉ុលពត នាព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។
នៅក្នុងកម្មវិធីព្រះពុទ្ធសាសនាមួយនេះ លោក ប៉ា សុជាតិវង្ស និងមន្រ្តីក្រោមឱវាទជាច្រើនរូបទៀត បានរាប់បាត្រ ព្រះសង្ឃ ២០៥អង្គ នៅមណ្ឌល ប្រល័យពូជសាសន៍ ជើងឯក ខណៈក្នុងថ្ងៃនេះគឺជាថ្ងៃពិសាខបូជា ដែលជាថ្ងៃពិសេស របស់ ព្រះពុទ្ធបរមគ្រូ ជា ថ្ងៃព្រះអង្គទ្រង់ប្រសូត្រ ថ្ងៃព្រះអង្គត្រាស់ដឹង និងថ្ងៃព្រះអង្គទ្រង់ចូល ព្រះបរិនិព្វាន។
គួរបញ្ជាក់ថា យោងតាមឯកសារនានាដែលនិយាយអំពីរបបខ្មែរក្រហម បានឲ្យដឹងថា មណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅក្នុងរបបខ្មែរក្រហម គឺជាតំបន់វាលពិឃាដ និងជាកន្លែងទទួលសម្លាប់មនុស្សដែលគេបញ្ជូនមកពីគុកទួលស្លែង ឬមន្ទីរស.២១ ហើយក៏ជាកន្លែងសម្រេចផែនការសម្លាប់មនុស្សដែលពួកខ្មែរក្រហមចោទថា ជាខ្មាំងប្រឆាំងនឹងអង្គការ៕