(ភ្នំពេញ)៖ ក្រុមការងារបច្ចេកវិទ្យា ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផលិតបទចម្រៀង ដើម្បីអបអរសារទរខួបលើក ទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២)។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម X-១៦ និងប្រារព្ធពិធីក្រុងពាលី បញ្ចុះអថ័ន បំពេញញាណបារមីស្តេចនាគមហាជ័យ គង់នៅស្រះទឹកស្តេចនាគមហាជ័យ ព្រមទាំងបើកកិច្ចប្រជុំការងារត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មីញជើង នាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិនៅព្រំដែន កម្ពុជា-វៀតណាម។
ពីធីរំលឹកខួបលើកទី៤៥ឆ្នាំ នៃដំណើររបស់សម្តេច ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីរំលឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ក្នុងការបូជាសាច់ស្រស់ឈាមស្រស់របស់សមមិត្ត ហ៊ុន សែន និងសមមិត្តដែលជាឥស្សរជនស្នេហាជាតិផ្សេងៗជាច្រើនទៀត សម្រាប់បង្ហាញដល់យុវជនជំនាន់ក្រោយឱ្យបានយល់ដឹង និងចងចាំនូវគំរូវីរៈភាព ក្នុងការរំដោះជាតិមាតុភូមិ ចេញពីរបប ប៉ុល ពត ដែលជារបបវាលពិឃាត ខ្មៅងងឹត យង់ឃ្នង បន្ថែមទៀត ក៏ដូចជាសម្ពោធនូវសមិទ្ធផលនានាជាច្រើននៅតំបន់ប្រវត្តិសាស្ត្រមួយនេះ។
ទិវាចងចាំទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានា របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិ ត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ក៏ដូចជាតម្កល់នៅសារៈមន្ទីរប្រវត្តិសាស្ត្រកោះថ្ម ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយៗទៀត បានសិក្សារៀនសូត្រពីប្រវត្តិសាស្រ្តដ៏ជូចត់ នៃការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន និងមិត្តរួមដំណើរដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីប្រទេសជាតិទាំងមូលឱ្យរួចផុតពីរបបប៉ុល-ពត ឱ្យប្រជាពលរដ្ឋខ្មែរ ជាកូន ជាចៅ ជាចៅទួត សិក្សារៀនសូត្រ ចងចាំព្រឹត្តិការណ៍នេះ ក៏ដូចជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា ស្វែងយល់ផងដែរ។
ខាងក្រោមនេះ ជាវីដេអូរបស់កងរាជអាវុធហត្ថ៖