(ក្រចេះ)៖ ក្រុមការងារអភិរក្សសត្វកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានចាប់ផ្តើមដំណើរការជំរឿនសត្វត្មាតប្រចាំឆ្នាំរបស់ខ្លួនស្ថិតក្នុងក្របខណ្ឌនៃការធ្វើជំរឿនប្រចាំឆ្នាំចំនួន៥ដង ដើម្បីតាមដានលើទិន្នន័យ វត្តមានរបស់សត្វត្មាត និងការត្រៀមរៀបចំផែនការបន្តក្នុងការការពារ ថែរក្សានិងអភិរក្សប្រភេទសត្វស្លាបកម្រនេះឱ្យ បានគង់វង្ស។
ទីតាំងជំរឿនចំនួន ៤កន្លែង ត្រូវបានបើកក្នុងពេលដំណាលគ្នានាថ្ងៃនេះ គឺទី១៖ ដែនជម្រកសត្វព្រៃសម្បូណ៌ក្នុងខេត្តក្រចេះ, ទី២៖ ដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង, ទី៣៖ ដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ និងទី៤៖ ដែនជម្រកសត្វព្រៃស្រែពក នៅក្នុងខេត្តមណ្ឌលគិរី។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមការធ្វើជំរឿនសត្វត្មាតលើកទី៣ ប្រចាំឆ្នាំ២០២២ នេះនៅតំបន់ដែនជម្រកសត្វព្រៃសម្បូណ៌ ដោយមានការអញ្ជើញចូលរួមពីតំណាង អង្គការ WWF និងអង្គការអភិរក្សអន្តរជាតិ CI។ ទិន្នន័យរួមចុងក្រោយមួយនឹងត្រូវបូកសរុបបន្ទាប់ពីប្រមូលបានទិន្នន័យពីទីតាំងជំរឿននានា។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំនេះ គឺដើម្បីដឹងពីការវិវត្តនៃចំនួនសត្វត្មាតនៅកម្ពុជាដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដាក់ ចុះវិធានការផ្សេងៗក្នុងបំណងការពារឱ្យបាននូវប្រភេទសត្វដ៏កម្រនេះ។
លោករដ្ឋលេខាធិការបានថ្លែងថា ទិន្នន័យជំរឿនសត្វត្មាតកាលពីឆ្នាំ២០២១ កន្លងទៅបង្ហាញថា សត្វត្មាត៣ប្រភេទដែល មាននៅ ប្រទេសម្ពុជា គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតកសផេះ មានវត្តមានសរុបចំនួន ១២១ក្បាល នៅក្នុងអាហារដ្ឋាន ត្មាតចំនួន៤កន្លែង នៅ តំបន់ការពារធម្មជាតិកម្ពុជា ក្នុងនោះមានត្មាតភ្លើង ២០ក្បាល ត្មាតផេះ ៦៦ក្បាល និងត្មាត ត្នោត ៣៥ក្បាល។
បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថាលទ្ធផលនៃការរាប់ចំនួនសត្វត្មាតដោយអាហារដ្ឋានត្មាត នៅដែនជម្រក សត្វព្រៃសំបូរ នៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គ កាលពីឆ្នាំ២០២១ កន្លងទៅ មានចំនួន ៤១ក្បាល និងបានបង្ហាញថាចំនួនសត្វត្មាត សរុបទាំង៣ប្រភេទ បញ្ចូលគ្នាបានកើនឡើងទ្វេដងសម្រាប់តំបន់នេះ ពោលគឺពីចំនួន ២០ក្បាល ដល់ចំនួន ៤១ក្បាល សម្រាប់ ចន្លោះ ចុងខែមិថុនា ដល់ចុងខែសីហា ឆ្នាំ២០២១ កន្លងទៅ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ប្រភេទសត្វត្មាត ទាំងនេះនៅក្នុងតំបន់អាស៊ី អាគ្នេយ៍ ប៉ុន្តែ ចំនួននេះបានធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល ១០ឆ្នាំកន្លងមក។ ដើម្បីការពារនិងអភិរក្សសត្វត្មាតឱ្យបានគង់វង្សសកម្មភាពសិក្សាស្រាវជ្រាវ និងអភិរក្សសត្វត្មាត នៅប្រទេសកម្ពុជា បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០៤ ដែលនៅពេលនោះចំនួនសត្វត្មាត ដែលបានកត់ត្រាពេលធ្វើជំរឿនមានចំនួន ១៦២ក្បាល ដែលជាទិន្នន័យធ្វើជំរឿនលើកដំបូង។
ទិន្នន័យជំរឿនឆ្នាំ២០១០ ចំនួនសត្វត្មាត បានកើនដល់២៨៩ក្បាល។ ក៏ប៉ុន្តែ ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ ចំនួនសត្វត្មាត មាន ការថយចុះគួរឱ្យបារម្ភ។ ចាប់ពីពាក់កណ្តាល ឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ចំនួនសត្វត្មាតទាំង៣ ប្រភេទមានចន្លោះពី១២០ ទៅ១៤០ក្បាល។ ដោយឡែកចំនួនសម្បុក ដែលបានរកឃើញ និងការពារក៏មានការធ្លាក់ចុះពី ២៧សម្បុក នៅក្នុងឆ្នាំ២០១៥ មក សល់ត្រឹម ១៤សម្បុក ក្នុងឆ្នាំ២០២១។ សត្វត្មាតទាំង ៣ប្រភេទនេះសុទ្ធសឹងតែត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតក្នុង បញ្ជីក្រហមនៃអង្គការ IUCN។
លោក អៀម សំអ៊ន់ អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF បានថ្លែងថាជំរឿនសត្វត្មាតប្រចាំឆ្នាំគឺធ្វើឡើងចំនួន ៥ ដងគឺក្នុងខែមីនា ខែមិថុនា ខែកញ្ញា និងខែធ្នូ។ សម្រាប់ ខែមិថុនាត្រូវធ្វើជំរឿន ២ដង ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ដោយសារតែរដូវពងកូននិងញាស់របស់សត្វត្មាត គឺនៅអំឡុងខែមេសា និងខែឧសភា។
លោក អៀម សំអ៊ន់ បានកត់សម្គាល់ថានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនសត្វត្មាតមានចំនួនថេរ និងមិនទាន់មានសញ្ញានៃការកើនឡើងច្រើននៅឡើយ ហើយសកម្មភាពនៃការអភិរក្សសត្វត្មាតនេះត្រូវបន្តដើម្បីការពារប្រភេទសត្វស្លាបកម្រនេះឱ្យ បាន។ លោកបន្តថាមានបញ្ហាប្រឈមជាច្រើនក្នុងការអភិរក្សសត្វត្មាតក្នុងនោះកត្តាចំណីអាហារដែលបច្ចុប្បន្នមានការកាត់បន្ថយដោយសារតែចំនួនសត្វព្រៃ និងសត្វស្រុកដែលស្លាប់ក្នុងព្រៃកាន់តែថយ ដែលតម្រូវឱ្យក្រុមការងារអភិរក្សត្រូវផ្តល់ចំណីបន្ថែមជាប្រចាំខែ។
លោក សេង ទៀក នាយក អង្គការ WWF កម្ពុជា បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ដែនជម្រកសត្វព្រៃសម្បូណ៌មានវត្តមានសត្វត្មាតចុះមកនារដូវវស្សា និងសន្និដ្ឋានថាតំបន់នេះ ដែលស្ថិតក្រោមការអភិរក្ស ការពារនិងតាមដានជាប្រចាំមានសុវត្ថិភាពសម្រាប់ពួកសត្វត្មាតរស់នៅ ទើបពួកគេបានមករស់នៅតំបន់នេះ។ លោកបានថ្លែងថាតាមរយៈការផ្តល់ចំណីបន្ថែមនេះបានធ្វើឱ្យទីតាំងនៅដែនជម្រកសត្វព្រៃសម្បូណ៌កាន់តែមានការទាក់ទាញសត្វត្មាតបន្ថែមទៀត។
ក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វត្មាត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ស្ថានភាពសត្វត្មាត កម្ពុជាមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា តែទាមទារបង្កើនកិច្ចការពារបន្ថែមទៀត។ ជាមួយលទ្ធផលរាប់បាននៅខែចុងក្រោយនេះ យើងឃើញថាអាហារដ្ឋានត្មាត នៅដែនជម្រកសត្វព្រៃសំបូរ មានការកើនឡើងនូវចំនួនសត្វត្មាត គួរឱ្យកត់សម្គាល់។
លោក នេត្រ ភក្ត្រា បានកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវ នៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់ នៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ក៏ដូចជាមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួននៅតាមតំបន់ការពារធម្មជាតិនានា ដើម្បីការពារ និងអភិរក្សទីជម្រកធម្មជាតិ នៃដែនជម្រកសត្វព្រៃដែលមានវត្តមានសត្វត្មាត៕