(ត្បូងឃ្មុំ)៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប ៨៦ព្រះវស្សា យាងចូល ៨៧ព្រះវស្សា សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំពិធីសូត្រមន្ត រាប់បាត និងប្រគេនទេយ្យទានព្រះសង្ឃ ដែលជាព្រះគ្រូចៅអធិការ នៅតាមបណ្តា វត្តក្នុងខេត្ត ប្រព្រឹត្តទៅនៅសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ស្ថិតនៅ ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកស្រី និងលោក ស៊ាក ឡេង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត និងលោកស្រី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក វង វ៉ាន់នី នាយកប្រតិបត្តិ លោក-លោកស្រី សមាជិក សមាជិកាសាខា យុវជនកាកបាទក្រហមខេត្ត យាយជីតាជី និងអ្នកពាក់ព័ន្ធជាច្រើនរូប។
ឆ្លៀតក្នុងឱកាសដ៏មហាសិរីមង្គលប្រពៃថ្លៃថ្លានេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី សាខាកាកបាទក្រហមខេត្ត មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជានុរាស្រ្តទូទាំងខេត្តត្បូងឃ្មុំ ក៏សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជាគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សាការពារ និងប្រោះព្រំសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជ សុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
បន្ទាប់ពីបានប្រារព្ធពិធីសូត្រមន្ត រាប់បាត និងប្រគេនទេយ្យទានព្រះសង្ឃ ទៅតាមទំនៀមទម្លាប់ប្រពៃណីរួចមក គណៈអធិបតីបានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់តាជី យាយជី ក្នុងម្នាក់ ទទួលបានសារ៉ុង១ និងថវិកាមួយចំនួនផងដែរ៕