(ភ្នំពេញ)៖ លោក យ៉ង់ រ៉ា ជាមន្រ្តីយោធាមួយរូប ដែលមានកូនប្រុសអាយុ១៦ឆ្នាំ បច្ចុប្បន្នកំពុងរៀននៅថ្នាក់ទី៨ នៃអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង បានធ្វើការអំពាវនាវតាមរយៈ Fresh News ស្នើសុំដល់លោកគ្រូ អ្នកគ្រូ គួរបញ្ឈប់ការយកលុយពីកូនរបស់គាត់៥០០រៀល។ ដោយការយកលុយ៥០០រៀលនេះ គឺថ្លៃកូពីក្នុងមួយមេរៀនសម្រាប់ចែកជូនកូនសិស្ស ជារៀងរាល់ថ្ងៃ។
ឪពុកដែលមានកូនរៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង រូបនោះបាននិយាយប្រាប់តាមទូរស័ព្ទយ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យគ្រូឈប់ធ្វើបែបហ្នឹង តទៅទៀត វាការលំបាកណាស់សម្រាប់អ្នកក្រខ្សត់ដូចជារូបគាត់, ប្រាក់ខែមន្រ្តីយោធា និងគ្រូប្រហាក់ប្រហែលគ្នាទេ សូមគ្រូទាំងអស់នៅទូទាំងប្រទេស គួរឈប់ការយកលុយបែបនេះពីសិស្ស វាជាការមិនល្អ ខ្ញុំសូមសំណូមពរ»។
សូមជំរាបថា ដោយឡែកនាយកសាលាបឋមសិក្សាគោកបញ្ជាន់ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានកោះប្រជុំជាបន្ទាន់មួយ ហើយប្រកាសឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ នៅក្នុងសាលានេះ បញ្ឈប់ការយកលុយពីសិស្សតទៅទៀត ក្រោយពេលដែល សារព័តមាន Fresh News បានចុះផ្សាយដោយដកស្រង់សម្តី មាតាបិតាសិស្សថា មានករណីគ្រូ ក្នុងសាលានេះ យកលុយពីសិស្សរបស់ខ្លួន ៥០០រៀល ក្នុង១ថ្ងៃ។
តាមសេចក្តីបំភ្លឺរបស់លោក នាយកសាលាដែលផ្ញើទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា ហើយត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានធ្វើការប្រជុំជាបន្ទាន់មួយ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៧គត់ ដោយបានដាក់កំណត់ឱ្យ លោកគ្រូ-អ្នកគ្រូទាំងអស់ បញ្ឈប់រាល់ការប្រមូលលុយពីសិស្សទាំងស្រុង។
ក្រៅពីនោះ នាយកសាលានេះ ក៏បានតម្រូវឱ្យលោកគ្រូ-អ្នកគ្រូ ទាំងអស់ធ្វើកិច្ចសន្យាម្នាក់មួយច្បាប់ ដោយសង្កត់ធ្ងន់ថា គោរពពេលម៉ោងបង្រៀន ឱ្យបានទៀងទាត់ សម្លៀកបំពាក់សមរម្យ មិនយកលុយពីសិស្សក្នុងម៉ោងបង្រៀនជាដាច់ខាត មិនបើកបង្រៀនគួរក្នុងសាលារដ្ឋ និងគោរពតាមក្រមសីលធម៌គ្រូបង្រៀន ជាដើម៕