(ក្រចេះ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសផ្សព្វផ្សាយពីរបាយការណ៍ស្រាវជ្រាវឆ្នាំ២០២២ ស្តីពីស្ថានភាព និងរបាយសត្វក្តាន់ ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ នៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ក្នុងខេត្តក្រចេះ បានបង្ហាញថាមានសត្វក្តាន់សរុបចំនួនប្រមាណ ៨៤ក្បាល។
តាមរយៈរបាយការណ៍បានបញ្ជាក់ថា លទ្ធផលនៃការស្រាវជ្រាវនេះ បានបង្ហាញផងដែរពីវត្តមាន នៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើនដែលជាសញ្ញាណវិជ្ជមាន បង្ហាញពីការបន្តពូជរបស់សត្វដ៏កម្រប្រភេទនេះ នៅក្នុងតំបន់ទីជម្រកធម្មជាតិ។
អ្នកវិទ្យាសាស្រ្តធ្លាប់បានសន្និដ្ឋានថា សត្វក្តាន់បានផុតពូជទៅហើយពីប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០០៦ ទើបវាត្រូវបានគេរកឃើញមានវត្តឡើងវិញ ក្នុងខេត្តក្រចេះតាមរយៈរូបភាពថត ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។
សត្វក្តាន់ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជជាសកល។ ការរស់រានរបស់សត្វក្តាន់ ត្រូវបានគំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ និងវិបត្តិអន្ទាក់ដែល បណ្តាលមកពីការជួញដូរសត្វព្រៃខុសច្បាប់។
លោក អៀម សំអ៊ន់ ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃតំបន់ទេសភាពមេគង្គនៃអង្គការ WWF បានរៀបរាប់ថា៖ «អស់រយៈកាល១៦ឆ្នាំហើយ បន្ទាប់ពីការរកឃើញវត្តមានសត្វក្តាន់ឡើងវិញ នេះជាការចងក្រងរបាយការណ៍ ស្តីពីចំនួនសត្វក្តាន់នៅកម្ពុជាលើកដំបូង សម្រាប់ការអភិរក្សសត្វដ៏កម្រនៅ លើពិភពលោកមួយប្រភេទនេះ»។
សត្វក្តាន់ជាប្រភេទសត្វពិបាកប្រទះឃើញ និងអង្កេតផ្ទាល់ដូចប្រភេទសត្វក្រចកជើងចំពាមដទៃទៀតណាស់។ ការសិក្សាស្ថានភាព និងរបាយសត្វប្រភេទនេះ បានធ្វើឡើងដោយការពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ដែលវារស់នៅ។ ការស្រាវជ្រាវនេះ បានសហការរៀបចំដោយក្រុមជំនាញសត្វព្រៃ មកពីមន្ទីរបរិស្ថានខេត្តក្រចេះ នៃក្រសួងបរិស្ថាន អង្គការ WWF អង្គការ BINCO និងមានការចូលរួមពីសំណាក់សមាជិកសហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា «ក្រសួងបរិស្ថាន មានសេចក្តីត្រេកអរ និងមានមោនតភាពជាខ្លាំង ដែលធម្មជាតិនៃប្រទេសកម្ពុជាផ្តល់ទីជម្រកសុខសាន្ត សម្រាប់ការរស់រានរបស់ប្រភេទសត្វសំខាន់ៗ ជាសកលដូចជាសត្វក្តាន់ដែលត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់ពីវត្តមាន និងការបន្តពូជរបស់វា នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។
លោកបានបន្ថែមថា «ក្រសួងបរិស្ថាន រួមជាមួយនឹងអង្គការ WWF បាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការការពារ និងអភិរក្ស សត្វក្តាន់ដ៏កម្រនេះតាមរយៈការបង្កើនជីវភាពសហគមន៍មូលដ្ឋាន ការអប់រំផ្សព្វផ្សាយ និងការពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរាល់ការបរបាញ់ និងការដាក់អន្ទាក់គ្រប់ប្រភេទ ក្នុងតំបន់ការពារធ្វើយ៉ាងណាធានា ការរស់រានរបស់សត្វក្តាន់ និងសត្វព្រៃដ៏មានតម្លៃជាសកលដ៏ទៃទៀត នៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា»។
ក្រៅពីមានវត្តមាននៅក្នុងប្រទេសកម្ពុជា សត្វក្តាន់នេះក៏មានរស់នៅផងដែរ ក្នុងប្រទេសឥណ្ឌា នេបាល់ ប៊ូតាន់ បង់ក្លាដេស ភូមា និងថៃ ហើយអ្នកវិទ្យាសាស្រ្តជឿថាសត្វក្តាន់ ប្រហែលបានផុតពូជបាត់ទៅហើយ ពីប្រទេសចិន ឡាវ និងវៀតណាម។
លោក ឈិត គឹមអន ប្រធានក្រុមល្បាតអភរិក្សសត្វក្តាន់ បានបង្ហាញពីការតាំងចិត្តរក្សាការពារ និងអភរិក្សសត្វក្តាន់ ដែលមានវត្តមាន នៅក្នុងដែនជម្រសត្វព្រៃព្រែកប្រសព្វនេះ ឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋនៅក្នុលមូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសមកទស្សនា សត្វក្តាន់នៅតំបន់នេះ។
ប្រធានក្រុមល្បាតអភរិក្សសត្វក្តាន់រូប «លោកមានមោទនភាពដែលសត្វកម្រដូចសត្វក្តាន់នៅតែមានក្នុងព្រៃធម្មជាតិក្នុងខេត្តក្រចេះ ហើយ លោកស្រីបាន និងកំពុងចូលរួមក្នុងការល្បាតព្រៃ និងដោះអន្ទាក់ក្នុងដែន ជម្រកសត្វព្រៃព្រែកប្រសព្វ។
លោកថា៖ «ខ្ញុំក៏ដូចជាសមាជិកក្រុមល្បាតដ៏ទៃទៀតដែរមានចិត្តមោះមុតក្នុងចូលរួម ការពារសត្វព្រៃ ចុះល្បាត ដោះ អន្ទាក់ចេញពីព្រៃទីជម្រក ការពារព្រៃសម្រាប់អោយសត្វជ្រកកោន ធ្វើយ៉ាងណាថែរក្សា សត្វព្រៃ និងធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់តទៅមុខទៀត»។
លោក សេង ទៀក នាយកអង្គការ WWF បានគូសបញ្ជាក់ថា «លទ្ធផលស្រាវជ្រាវនាពេលនេះ មិនត្រឹមតែបានធ្វើឲ្យកេតនាមរបស់កម្ពុជា លេចត្រដែតលើឆាកអន្តរជាតិប៉ុណ្ណោះទេ វាថែមទាំងបានបង្ហាញពីសារៈសំខាន់ ជាសកលនៃតំបន់ទេសភាពមេគង្គជាទីជម្រកដ៏សំខាន់ សម្រាប់ការរស់រានរបស់សត្វព្រៃទាំងលើគោក និងក្នុងទឹកគ្រប់ប្រភេទ»។
លោកបានបន្ថែមថា «អង្គការ WWF សូមកោតសរសើរ និងសូមអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមស្រាវជ្រាវ និងការពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្ស ដោយមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរ និងសហគមន៍មូលដ្ឋាន ដើម្បីការពារតំបន់សត្វព្រៃទាំងនេះ សម្រាប់ជាប្រយោជន៍របស់ធម្មជាតិ និងមនុស្សគ្រប់ជំនាន់»។
វិធានការអភិរក្សរួមគ្នាបន្ទាន់បន្ថែម គឺចាំបាច់ណាស់ ដើម្បីធានាថាទីជម្រកចុងក្រោយរបស់សត្វក្តាន់ដ៏កម្រនេះ គ្មានការគំរាមកំហែងដោយសកម្មភាពខុសច្បាប់ ពោលគឺគ្មានការដាក់អន្ទាក់ គ្មានការបរបាញ់ និងការជួញដូរសត្វព្រៃក្នុងតំបន់។ ការស្តារចំនួន និងទីជម្រកសត្វក្តាន់ ព្រមទាំងការបន្តពង្រឹងជម្រើសជីវភាព របស់សហគមន៍ក្នុងតំបន់ គឺជាវិធានចាំបាច់ផងដែរដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមរៀបចំ និងអនុវត្ត។
ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែលជាទីជម្រកធម្មជាតិរបស់សត្វក្តាន់នេះ ស្ថិតក្រោមការសហការពារយ៉ាងតឹងរឹង ដោយមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន គាំទ្រដោយអង្គការ WWF និងចូលរួមដោយក្រុមល្បាតសហគមន៍។ បច្ចុប្បន្នក្រសួងបរិស្ថាន និងដៃគូនានាកំពុងរៀបចំយុទ្ធនាការណ៍ អន្ទាក់សូន្យដើម្បីជួយសង្រ្គោះសត្វក្តាន់ និងសត្វព្រៃសំខាន់ៗ ជាសកលជាច្រើនប្រភេទទៀត ក្នុងប្រទេសកម្ពុជាពីការបរបាញ់ និងការដាក់អន្ទាក់ ដោយមានគោលដៅលុបបំបាត់ ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ចប់ការជួញដូរសត្វព្រៃខុសច្បាប់៕