(ព្រះវិហារ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស និងលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ បានបន្ដបេសកកម្មចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានខេត្តព្រះវិហារ។
ផ្ដើមបេសកកម្មដំបូងនៅខេត្តព្រះវិហារ លោកស្រី ឱ វណ្ណឌីន និងលោកស្រី លី អាយលែន បានចុះពិនិត្យសកម្មភាព នៃការចាក់វ៉ាក់សាំងនៅក្រុមហ៊ុនទ្រីភាព ស្ថិតក្នុងស្រុករវៀង។ បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន ក៏បានជួបពិភាក្សាការងារជាមួយក្រុមគ្រូពេទ្យ អភិបាលស្រុក និងមន្ដ្រីពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត នៅមណ្ឌលសុខភាពស្អាង ស្ថិតក្នុងស្រុកជ័យសែន ផងដែរ។
កិច្ចពិភាក្សាការងារនេះ ក្រៅពីការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លោកស្រី ឱ វណ្ណឌីន ក៏បានផ្ដោតការយកចិត្តទុកដាក់ ការអនុវត្តក្របខ័ណ្ឌជំរុញការថែទាំសុខភាពបឋម «ក.ជ.ថ.ស.ប» នៅក្នុងមូលដ្ឋាន សំដៅឲ្យប្រជាពលរដ្ឋស្វែងយល់ និងចូលរួមបន្ថែមទៀត ក្នុងការការពារខ្លួនពីជំងឺដង្កាត់ផ្សេងៗ ទាំងជំងឺឆ្លង និងជំងឺមិនឆ្លង ខណៈការងារនេះជារឿងសំខាន់ដែលត្រូវឲ្យមានការចូលរួមពីសហគមន៍។
លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា អ្វីដែលយើងរៀនសូត្របានពីជំងឺកូវីដ១៩ គឺការចូលរួមពីបុគ្គល ក្រុមគ្រួសារ និងសហគមន៍ នូវរាល់ការដាក់ចេញនូវវិធានការការពារផ្សេងៗ ដើម្បីថែរក្សាសុខភាពរបស់ពួកគាត់ឲ្យបានល្អប្រសើរ។ ដូច្នេះហើយក្រសួងសុខាភិបាល បាននិងកំពុងផ្ដោតសំខាន់ទៅលើបរិបថ ដែលត្រូវធ្វើការងារជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសរដ្ឋបាលស្រុក ដើម្បីជំរុញធ្វើយ៉ាងណាឲ្យការផ្ដល់សេវាសុខាភិបាលកាន់តែល្អ។
មន្ដ្រីជំនាញសុខាភិបាលរូបនេះ ក៏បានបង្ហាញអំពីវត្ថុបំណងដ៏មហិមារបស់ក្រសួងសុខាភិបាល គឺ «ភូមិ ឃុំមានសុខភាពល្អ» ហេតុនេះហើយដើម្បីសម្រេចបាននូវការងារនេះ យន្ដការមួយក្នុងចំណោមយន្ដការដទៃផ្សេងទៀត គឺការពង្រឹងនូវសមត្ថភាពរបស់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ព្រោះនេះជាយន្ដការមួយដែលមានសមាសភាពចម្រុះ មិនមែនមានតែក្រសួងសុខាភិបាលនោះទេ។
ខាងក្រោមនេះ ជាកិច្ចសម្ភាសទាំងស្រុងរបស់លោកស្រី ឱ វណ្ណឌីន៖