(ភ្នំពេញ)៖ លោក សោ ចាន់ដេត សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានធ្វើលិខិតមួយច្បាប់ស្នើសុំអន្តរាគមន៍ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា ជួយចាត់វិធានការណ៍ចំពោះក្រុមប្រដាប់អាវុធនៅខេត្តឧត្តរមានជ័យ ដែលបានឃាត់រូបលោក និងរថយន្ត, ដោយទង្វើនេះត្រូវបានលោកហៅថា «ជាការរំលោភសិទ្ធិមនុស្ស និងរំលោភអភ័យឯកសិទ្ធិព្រឹទ្ធសភាយ៉ាងធ្ងន់ធ្ងរ» នេះបើយោងតាមលិខិតដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ។
នៅក្នុងលិខិតអន្តរាគមន៍របស់សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រូបនោះបានហៅក្រុមនោះថា ជាក្រុមប្រដាប់អាវុធ មានគ្នាប្រមាណ៣០នាក់ ដឹកនាំដោយឈ្មោះ ធូ សុធា ប្រធានការិយាល័យចរាចរណ៍ខេត្ត បានឃាត់រូបលោក និងរថយន្ត ក្រោមលេសត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ ដោយការឃាត់នោះអស់រយៈពេល១ម៉ោង៣០នាទី ទោះបីរូបលោកបានបង្ហាញប័ណ្ណអភ័យ ឯកសិទ្ធិព្រឹទ្ធសភាក៏ដោយ ក៏មិនអនុញ្ញាតឲ្យបន្តដំណើរទៅមុខឡើយ។
លោក សោ ចាន់ដេត បានបញ្ជាក់ទៀតថា ក្រុមនោះបានដកហូតយកប័ណ្ណអភ័យឯកសិទ្ធិពីទៅថតចម្លង ហើយបង្ខំឲ្យដកស្លាករថយន្តព្រឹទ្ធសភាចេញ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។
ទង្វើនេះត្រូវបានលោក សោ ចាន់ដេត អះអាងថា «ជាការរំលោភសិទ្ធិមនុស្ស និងរំលោភអភ័យឯកសិទ្ធិព្រឹទ្ធសភាយ៉ាងធ្ងន់ធ្ងរ»៕