(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានចុះសួរសុខទុក្ខមន្ដ្រីនគរបាលម្នាក់ ដែលរងរបួសពេលចុះបង្ក្រាបជនប្រដាប់អាវុធ នៅមន្ទីរសម្រាកព្យាបាល CT ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បាននាំអំណោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវចំនួន ៥លានរៀល និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី ចំនួន៥លានរៀល ជូនមន្ដ្រីនគរបាលរងគ្រោះផងដែរ។
បន្ថែមពីនេះ លោក គួច ចំរើន ក៏បានផ្ដល់ផ្ទាល់ដៃនូវថវិកា ចំនួន៣ពាន់ដុល្លារ ខណៈលោកឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភ ចំនួន៤លានរៀលដើម្បីព្យាបាលរបួស។
ក្នុងនាមគណៈស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចក្រឡាហោម, នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជាពិសេស លោក គួច ចំរើន ជានិច្ចកាលតែងតែយកចិត្តទុកអំពីសុខទុក្ខរបស់កងកម្លាំងក្រោមឱវាទគ្រប់ពេលវេលា៕