(ភ្នំពេញ)៖ កងទ័ពជើងអាកាស បានបើកវគ្គហ្វឹកហ្វឺនបំប៉នសមត្ថភាព នាយទាហានថ្នាក់មូលដ្ឋានបញ្ជាការសេនាធិការជំនាន់ទី២។

ពិធីបើកវគ្គបានធ្វើឡើងនៅថ្ងៃទី១៦ ខែខែមិថុនា ឆ្នាំ២០២២នេះ នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស។ ពិធីនេះក៏មានការចូលរួមជាកិត្តិយសពីមេបញ្ជាការរងកងទ័ពជើងអាកាស តំណាងទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ តំណាងបញ្ជាការដ្ឋានការពារអាកាសអគ្គបញ្ជាការ យោធាចារ្យ និងសិក្ខាកាមជំនាន់ទី២។

របាយការណ៍របស់នាយកសាលាហ្វឹកហ្វឺនកងទ័ពជើងអាកាស ឧត្តមសេនីយ៍ត្រី យ៉ែម ប៊ុនរ៉េត បានឱ្យដឹងថា សិក្ខាកាមជំនាន់ទី២ មាននាយទាហានមកពីគ្រប់អង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងអាកាសចំនួន ៣០នាក់ និងយោធាចារ្យចំនួន១៤នាក់ ដែលជាអ្នកមានបទពិសោធន៍ការងារជំនាញទ័ពអាកាសជាច្រើនឆ្នាំ មកធ្វើបទបង្ហាញលើខ្លឹមសារឯកសារជាច្រើន មានដូចជាយុទ្ធវិធីគ្រប់គ្រងបញ្ជា ប្រវត្តិសាស្ត្រកងទ័ពជើងអាកាស អប់រំចិត្តសាស្ត្រ ទស្សនៈវិជ្ជា សៀវភៅការពារជាតិ ចំណេះដឹងយោធារួម សេដ្ឋកិច្ចនយោបាយ ។ល។

ក្នុងវគ្គហ្វឹកហ្វឺននេះសិក្ខាកាមត្រូវហ្វឹកហ្វឺនទ្រឹស្តី និងលំហាត់របៀបមានរយៈពេលបីខែរាប់ពីខែមិថុនា រហូតដល់ខែកញ្ញា។ នាយឧត្តមសេនីយ៍ សឹង សំណាង បានណែនាំសិក្ខាកាមឱ្យខិតខំក្រេបជញ្ជក់ខ្លឹមសារមេរៀន ដែលយោធាចារ្យបានឡើងធ្វើបទបង្ហាញ និងត្រូវរួមសាមគ្គីគ្នាផ្ទៃក្នុងឱ្យបានល្អរឹងមាំ ត្រូវគោរពវិន័យ និងបទបញ្ជា ដើម្បីជាការ
ហ្វឹកហាត់ក្លាយជាអ្នកដឹកនាំអង្គភាពនាពេលខាងមុខ។

នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ និងបំភ្លឺជូនសិក្ខាកាមឱ្យបានដឹងថា តើអ្វីទៅជាកងទ័ពជើងអាកាស? តើកងទ័ពជើងអាកាសមានបេសកកម្មអ្វីខ្លះក្នុងដំណើរការការពារដែនអាកាស? តើបេសកកម្មកងទ័ពជើងអាកាសមានឈរលើកត្តាអ្វីខ្លះ ដើម្បីធានាការការពារដែនអាកាសឱ្យបានរួចផុតពីការរំលោភពីសត្រូវ?

ផ្អែកតាមការបកស្រាយប្រកបដោយបទពិសោធន៍ បានធ្វើឲ្យសិក្ខាកាមមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះបទបង្ហាញដ៏មានតម្លៃរបស់នាយឧត្តមសេនីយ៍ សឹង សំណាង សម្រាប់បណ្តុះបណ្តាលធានធានមនុស្សជំនាន់ថ្មីជាពិសេសនាយទាហានបន្តវេន។

បន្ទាប់មកនាយទាហានតំណាងសិក្ខាកាមជំនាន់ទី២ បានឡើងចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្តខិតខំរៀនសូត្រ និងដកស្រង់យកបទពិសោធន៍ល្អៗពីយោធាចារ្យ គោរពវិន័យមានសាមគ្គីភាព និងទំនាក់ទំនងល្អជាមួយមិត្តរួមជំនាន់។ ពួកគេបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាសដែលបានអនុញ្ញាត្តិ និងគាំទ្រកម្មវិធីហ្វឹកហ្វឺននាយទាហានមូលដ្ឋានបញ្ជាការសេនាធិការ ដែលជាធនធានមនុស្សដ៏សំខាន់ក្នុងវិស័យការពារជាតិ។

ក្នុងកម្មវិធីនោះនាយឧត្តមសេនីយ៍ សឹង សំណាង បានឧបត្ថម្ភថវិកាជូនក្រុមសិក្ខាកាមជំនាន់ទី២ ដើម្បីបំពេញតម្រូវការចាំបាច់ក្នុងវគ្គហ្វឹកហ្វឺនក្រោមបរិយាកាសសប្បាយរីករាយ៕