(ភ្នំពេញ)៖ នៅរាជធានីភ្នំពេញ មានសួនច្បារសាធារណៈសរុប ចំនួន១២១ទីតាំង លើផ្ទៃដីជាង ១លានម៉ែត្រការ៉េ ហើយជាគម្រោង រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងជួសជុលការ៉ូឡាបាក់បែក ដាំជួសដើមឈើ ស្មៅ និងផ្កាដែលងាប់នៅសួនច្បារចំនួន ០៤ទីតាំង ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងម្យ៉ាងទៀត ដើម្បីទុកជាកន្លែងឱ្យប្រជាពលរដ្ឋបានហាត់ប្រាណ ដើម្បីសុខភាពផងដែរ។
លោក ស៊ូ សាវ៉ន ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ មិថុនានេះថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាល បានយកចិត្តទុកដាក់ខ្លាំងណាស់ លើការកែលម្អសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ ដោយសារសួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋ ហាត់ប្រាណ ហើយការហាត់ប្រាណនេះហើយ ជាឱសថដ៏សក្កិសិទ្ធ ក្នុងការព្យាបាលជំងឺគ្រប់ប្រភេទ។
លោក ស៊ូ សាវ៉ន បានបញ្ជាក់ឲ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងជួសជុលការ៉ូឡាបាក់បែក ដាំជួសដើមឈើ ស្មៅ និងផ្កាដែលងាប់នៅសួនច្បារចំនួន ០៤ ទីតាំង ក្នុងនោះរួមមាន សួនច្បារវិមានឯករាជ្យ ,សួនច្បារមុខវត្តបទុមវតី, សួនច្បារឆ្នេរទន្លេ និងសួនវិមានឈ្នះឈ្នះ។
លោកបានបន្តថា អង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅតែបន្តថែទាំសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាបាននូវពណ៌បៃតងទាំងខែប្រាំង និងខែវស្សា។ បន្ថែមពីលើនេះទៀត ការថែទាំដើមឈើ ការកាប់លះមែកឈើ ការដកដើមឈើ ដែលងាប់ចេញ ដាំថ្មី ជំនួសនៅតែបន្តធ្វើសកម្មភាពរហូត៕