(កណ្តាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាលនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំពិធីសូត្រមន្តអបអរសាទរព្រះរាជពិធីបុណ្យចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៦ យាងចូល៨៧ព្រះវស្សា។
ពិធីនេះក៏មានការចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រជនចាស់ជរាចំនួន៨៧គ្រួសារ មកពីសង្កាត់ចំនួន៦ នៅក្នុងក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា សាខាគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តជាច្រើនរូបផងដែរ។
ស្ថិតក្នុងពិធីដ៏វិសេសវិសាលនេះ លោក គង់ សោភ័ណ្ឌ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជានុរាស្រ្តទូទាំងខេត្តកណ្តាល បានអានសារថ្វាយព្រះពរ និងបាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ប្រគេនចង្ហាន់ ទេយ្យទាន ដល់ព្រះសង្ឃព្រមទាំងបានលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ និងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះកាយពលមាំមួនព្រះរាជសុខភាពរឹងមាំព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក គង់ សោភ័ណ្ឌ បានសម្តែងនូវកត្តញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ដែលកន្លងមកទ្រង់បានលះបង់ព្រះរាជកាយពល និងព្រះរាជបញ្ញាញាណចំពោះព្រះរាជកិច្ច ដ៏មហាប្រពៃថ្លៃថ្លារបស់ទ្រង់ ដែលតែងតែយកព្រះរាជហឫទ័យទុកដាក់អំពីសុខុមាលភាពរបស់ប្រជានុរាស្ត្រ ព្រមទាំង បានបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ប្រកបដោយគុណធម៌ក្នុងវិស័យមនុស្សធម៌ ដើម្បីភាពសុខក្សេមក្សាន្តរបស់ ប្រជារាស្ត្រខ្មែរគ្រប់រូប។ ជាពិសេសព្រះអង្គតែងបានប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គក្នុងបុព្វហេតុមនុស្សធម៌ ក្នុងការ ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាពជូនប្រជារាស្ត្ររបស់ព្រះអង្គ។
បន្ទាប់ពីបានប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្តទៅតាមទំនៀមទម្លាប់ប្រពៃណីរួចមក គណៈអធិបតីបាន ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសារក្រីក្រចាស់ជរា ចំនួន ៨៧គ្រួសារ មកពីសង្កាត់ចំនួន៦ ក្នុងក្រុងតាខ្មៅ។
គណៈអធិបតី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកបំផុត និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តានាំគ្នាទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន និងដូសជំរុញ ជាពិសេសគឺដុំទី៣ ទី៤ និងទី៥ ត្រូវបន្តចូលរួមអនុវត្តន៍វិធានការអនាម័យរបស់ក្រសួងសុខាភិបាល និងអនុវត្តន៏នូវវិធានការរបស់សម្ដេចតេជោ ហ៊ុន សែន ៣កុំ ៣ការពារ ឱ្យបានជាប់ជានិច្ច ដើម្បីបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ ចូលក្នុងសហគមន៏។
សូមជម្រាបថា អំណោយដែលបានផ្ដល់ជូនដល់គ្រួសារក្រីក្រ និងជនចាស់ជរាក្នុងពិធីនេះ គឺក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកសុទ្ធដបធំ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ម៉ាស ១ប្រអប់ ជេលលាងដៃ១ដប និងថវិកា ៥ម៉ឺនរៀល៕