(ពោធិ៍សាត់)៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ឈិត សុខុន បានចេញសេចក្តីសម្រេចតែងតាំងប្រធានមន្ទីរធម្មការ និងសាសនាថ្មីខេត្តពោធិ៍សាត់ ដោយលោក អែម សុធា ឋានន្តរស័ក្តិ វរៈមន្ត្រី ថ្នាក់លេខ២ ឱ្យឡើងជំនួសលោក រ៉ុន សុភារិន ដែលត្រូវបានទទួលភារកិច្ចថ្មី។
តាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងធម្មការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា លោក រ៉ុន សុភារិន ដែលជាប្រធានមន្ទីរធម្មការ និងសាសនាចាស់ ខេត្តពោធិ៍សាត់ ឱ្យមកបម្រើការងារជាមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្នុងនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្របខ័ណ្ឌក្រសួងធម្មការ និងសាសនា។
យ៉ាងណាក៏ដោយតាមប្រភពសូមមិនបញ្ចេញឈ្មោះ បានបង្ហើបថា ការប្រកាសផ្លាស់ប្តូរកន្លែងបម្រើការងារ និងតែងតាំងមន្ត្រីរាជការស៊ីវិលររបស់ដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ អភិបាលខេត្តពោធិ៍សាត់ ហាក់មិនទាន់បានដឹង និងពុំទាន់មានកិច្ចប្រជុំពិភាក្សា បញ្ជាក់ពីមូលហេតុជាក់លាក់ ដែលនាំឱ្យមានការស្នើតែងតាំង ឬផ្លាស់ប្តូរ ឬបញ្ចប់ភារកិច្ច លោក រ៉ុន សុភារិន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តពោធិ៍សាត់នោះនៅឡើយ៕