(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ នឹងបើកសវនាការសំណុំរឿងអតីតផ្កាយ២យោធា ចាន់ ឫទ្ធីឌី និងគូកនម្នាក់ទៀត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត៥គីឡូក្រាម នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីតុលាការកំពូល។
ប្រភពព័ត៌មានបន្តថា អតីតផ្កាយ២យោធា ចាន់ ឫទ្ធីឌី និង គូកនឈ្មោះ ឌៀប ស៊ុនឡាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ២០ឆ្នាំ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទុះលេខ44Eo ផ្លូវលំ ភូមិអូរអណ្ដូងទី១ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ។ ប៉ុន្តែសាលដីកានេះ ត្រូវបានជនជាប់ចោទប្តឹងសាទុក្ខមកតុលាការកំពូល។
គួរបញ្ជាក់ថា អតីតផ្កាយ២យោធា ចាន់ ប្ញទ្ឋីឌី ដែលគេស្គាល់ថា ជាថៅកែភោជនីយដ្ឋានរស្មីបឹងកេងកង និង ឈ្មោះ ឌៀប ស៊ុនឡាយ ជាម្ចាស់សំអាងការរតនាពេជ្រ ត្រូវកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៤ និង២៦ ខែសីហា ឆ្នាំ២០១២។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន២០សុង ទម្ងន់៣៧១៩,៥ក្រាម និងប្រភេទម៉ាទឹកកក ចំនួន៩៨៩,៩ក្រាម រថយន្ត៤គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង និងសម្ភារមួយចំនួនទៀត ទុកជាវត្ថុតាង៕