(ស្ទឹងត្រែង)៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំបើកសន្និបាតអប់រំយុវជន និងកីឡាខេត្តប្រចាំឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដើម្បីត្រួតពិនិត្យ និងបង្ហាញពីលទ្ធផល នៃការអនុវត្តការងារផ្នែកអប់រំរយៈពេល១ឆ្នាំកន្លងមក និងលើកទិសដៅអប់រំយុវជន និងកីឡាខេត្ត ឆ្នាំ២០២១-២០២២។
សន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ខាន់ វ៉ាន់ អនុប្រធាននាយកដ្ឋានក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក លោកស្រី ប្រធានការិយាល័យអប់រំក្រុង ស្រុក នាយក នាយិកាគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនជុំវិញខេត្ត និងតំណាងអង្គការដៃគូអភិវឌ្ឍន៍មួយចំនួនផងដែរ។
លោក ប៉ុក សារឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា នៅក្នងឆ្នាំសិក្សា២០២0-២០២១នេះ ជាឆ្នាំសកលលោកបានជួបនិងវិបត្តកូវិដ-១៩ ដែលបានរីករាលដាលជាសកល។ ជំងឺនេះបានបង្កការរាំងស្ទះដល់ការសិក្សារៀនសូត្រ នៅក្នុងសាលារៀនទូទាំងខេត្តស្ទឹងត្រែង មានចំនួន២៤៥កន្លែង និងប៉ះពាលដល់សិស្សានុសិស្ស៣៥១៨នាក់ ស្រី១៧៦១១នាក់។
ជាការឆ្លើយតបនិងផលប៉ះពាល់នេះ មន្ទីរអប់រំយុវជន និងកីឡា សហការជាមួយការិយាល័យអប់រំយុវជន និងកីឡា នៃរដ្ឋបាលក្រុងស្រុក នាយក លោកគ្រូ និងអាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ បានខិតខំប្រឹងប្រែង រៀបចំយន្តការក្នុងការបង្រៀនតាមរូបភាពផ្សេងៗដូចជាការបង្រៀនពីចម្ងាយ ការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក(Online) ការរៀនជាបណ្តុំ ការចែកសន្លឹកកិច្ចដល់សិស្សានុសិស្ស និងការជួបផ្ទាល់ របស់លោកគ្រូអ្នកគ្រូដល់ទាំងអស់ទូទាំងខេត្ត។
លោក ប៉ុក សារឿន បន្តថា តាមរយៈការខិតខំប្រឹងប្រែងទាំងនេះ យើងទទួលបានលទ្ធផលដូចជា សិស្សបឋមសិក្សាជាប់មធ្យមភាគ៧៤.៥៩% ធ្លាក់មធ្យមភាគ២០.៥២% សិស្សមធ្យមសិក្សាបឋមភូមិ ប្រឡងជាប់៩៦.៩១% ធ្លាក់មធ្យមភាគ៣.០៩% សិស្សមធ្យមសិក្សាទុតិយភូមិ ប្រឡងជាប់៧៦.៥២% ធ្លាក់មធ្យមភាគ២៣.៤៨% ក្នងនោះខេត្តស្ទឹងត្រែង ទទួលបានសិស្សនិទ្ទេស A បានចំនួន៦នាក់ និងបានទទួលរង្វាន់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ខាន់ វ៉ាន់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារអប់រំរបស់មន្ទីរអប់យុវជន និងកីឡាខេត្តស្ទឹងត្រែង។
លោកថា តាមរយៈរបាយការណ៍របស់មន្ទីរ សបញ្ជាក់ឲ្យឃើញថា វិស័យអប់រំមានដំណាក់កាលវិវត្តន៍ គួឲ្យកត់សម្គាល់ទាំងហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈរូបវ័ន្តនានា រូមទាំងគុណភាពអប់រំ តាមរយៈការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់យុវជន និងកីឡា ផ្តោតទៅលើសសរស្តមទាំង៥។
លោក ខាន់ វ៉ាន់ បានគូសបញ្ជាក់ថា សសរស្តម្ភ៥ គំណែទម្រង់វិស័យអប់រំនៅកម្ពុជារួមមាន៖
ទី១៖ ការអភិវឌ្ឍផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន
ទី២៖ ការពិនិត្យឡើងវិញកម្មវិធីសិក្សា សៀវភៅគោល និងការកែសម្អបរិស្ថានសាលា
ទី៣៖ ការដាក់អនុវត្តអធិការកិច្ច
ទី៤៖ ការពង្រឹងរង្វាយតម្លៃសិក្សាដូចជាការប្រឡង រង្វាយតម្លៃថ្នាក់ជាតិ តំបន់ និងអន្តរជាតិ
និងទី៥៖ ការកែទម្រង់ឧត្តមសិក្សា។
ដើម្បីសម្រេចបានការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ លោក ខាន់ វ៉ាន់ បានណែនាំដល់បុគ្គលិកអប់រំទាំងអស់ ពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលានានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀន ឲ្យមានវិន័យល្អពិសេសលើគ្រូបង្រៀនតែម្តង៕