(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក សំហេង បុរស ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ។
ការតែងតាំងលោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២២/៦៤៦ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីគ្រប់គ្រង និងដឹកនាំជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម ដែលមានឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ជាអគ្គនាយក ដែលត្រូវបានតែងតាំងតាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤២២/១១ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។
មូលនិធិជាតិជំនួយសង្គម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលមួយ ដែលត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ៦៨ អនក្រ. បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ។ មូលនិធិនេះមានតួនាទីជាស្ថាប័នគ្រប់គ្រង និងដឹកនាំការងាជំនួយសង្គម ការបើកផ្តល់ប្រាក់សោធននិវត្តន៍សម្រាប់មន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ។
មូលនិធិជាតិនេះបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នានៃបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល បេឡាជាតិអតីតយុទ្ធជន និងកម្មវិធីជំនួយសង្គម ។ ក្នុងឆ្នាំ២០២១ កន្លងមកមូលនិធិនេះ បានគ្រប់គ្រងថវិកាសរុបប្រមាណ ៦៥០លានដុល្លារ ដែលរួមមានកម្មវិធីជំនួយសង្គមក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចំនួនប្រមាណ ៧.៥លានដុល្លារ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងកូវីដ-១៩ ចំនួនប្រមាណ ៣៦៣លានដុល្លារកម្មវិធីជំននួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ ចំនួន ៨.៥លានដុល្លារ ប្រាក់សោធនិវត្តសម្រាប់មន្រ្តីរាជការស៊ីវិល ១២០លានដុល្លារ និង អតីតយុទ្ធជន ១៥០លានដុល្លារ។
នៅពេលអនាគតមូលនិធិនេះ នឹងបន្តដឹកនាំការងារកម្មវិធីជំនួយសង្គមកញ្ចប់គ្រួសារដោយផ្តោតទៅលើការគិតគូរទៅលើគ្រួសារក្រីក្រដូចជា១. ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២. មនុស្សវ័យ ចាស់អាយុ ៦០ឆ្នាំឡើង ៣.ជនមានពិការភាព ៤.គ្រួសារផ្ទុកមេរោគអេដស៍ ៥.អាហារូបករណ៍សិស្សរៀន នៅមធ្យមសិក្សាចំណេះទូទៅពីថ្នាក់ទី១-១២ ការគ្រប់គ្រង និងដឹកនាំកម្លាំងសេវាសង្គម និងការអនុវត្តនូវគម្រោងជំនួយសង្គមផ្សេងៗ ដើម្បីធានានូវការរស់នៅប្រកបដោយសុខុមាលភាព ស្របតាមក្របខណ្ឌជាតិគោលនយោបាយគាំពារសង្គម ២០១៦-២០២៥៕