(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនាផ្លូវចំនួន២ខ្សែ នៅក្នុងឃុំត្រប់ និងឃុំតាំងក្រាំង ស្រុកបាធាយ និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ។
លោក ចាត ជួប ជាប្រជាពលរដ្ឋភូមិរោធ ឃុំត្រប់ បានឲ្យដឹងថា កន្លងទៅប្រជាពលរដ្ឋភូមិរោធ មានការលំបាកនៅក្នុងការធ្វើដំណើរ ឬដឹកផលដំណាំកសិផលផ្សេងៗ យកមកលក់នៅទីផ្សារ ដែលមានចម្ងាយផ្លូវប្រវែងជាង១៤ គីឡូម៉ែត្រ ដោយសារផ្លូវមានការលំបាកខ្លាំងក្នុងការធ្វើដំណើរ ទាំងរដូវប្រាំងនិងរដូវវស្សា។ កត្តាទាំងនោះបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋជួបប្រទះនូវការខ្វះខាតច្រើន។
លោក ចាត ជួប បានបន្តទៀតថា ប៉ុន្តែយ៉ាងណាក៏ដោយ ផ្លូវមួយខ្សែនេះក្រោយពេល អាជ្ញាធរខេត្តកំពង់ចាម បានសាងសង់ស្ថាបនា ជាផ្លូវកៅស៊ូប្រភេទ DBST ធ្វើឲ្យប្រជាពលរដ្ឋអបអរសាទរនិងត្រេកអរយ៉ាងខ្លាំង ដែលបានប្រើប្រាស់ផ្លូវនេះ ជាមធ្យោបាយឆ្លងកាត់ក៏ដូចជាការដឹកកសិផលយកមកលក់នៅទីផ្សារបានងាយស្រួលនិងឆាប់រហ័ស ធ្វើឱ្យជីវភាពរបស់ពួកគាត់មានភាពប្រសើរឡើង។
ស្ថិតក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភូមិរោធ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា «ខ្ញុំតែងតែគិតថា នៅពេលបានផ្លូវកៅស៊ូនេះជូនដល់ប្រជាពលរដ្ឋ អាចធ្វើឱ្យប្រជាពលរដ្ឋយើងអាចធ្វើ ដំណើរឆ្លងកាត់ និងដឹកកសិផល ទៅកាន់ទីប្រជុំជនផ្សេងៗ បានងាយស្រួលនិងឆាប់រហ័ស និងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើងក្នុងតំបន់នេះ ឲ្យមានភាពប្រសើរឡើង»។
លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ផ្លូវដែលកំពុងស្ថាបនា មានប្រវែងជាង១៤គីឡូម៉ែត្រ ភូមិរោធ មកភូមិថ្កូវ ក្នុងឃុំតាំងក្រាំង ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST ជាជំនួយរបស់រាជរដ្ឋាភិបាល តាមរយៈការស្នើសុំរបស់រដ្ឋបាល ខេត្តកំពង់ចាម។ បច្ចុប្បន្នផ្លូវមួយខ្សែនេះស្ថាបនាបានប្រមាណជា ៧០% នឹងអាចរួចរាល់ជាស្ថាពរក្នុងរយៈពេលបីខែទៀត។
គូសបញ្ជាក់ផងដែរថា បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋភូមិរោធរួច អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ បានបន្តដំណើរចុះត្រួតពិនិត្យផ្លូវមួយខ្សែទៀតជាប្រភេទផ្លូវក្រាលកៅស៊ូ DBSTដែរ មានប្រវែងប្រមាណជា ៧គីឡូម៉ែត្រ ចេញពីភូមិអកទៀង ទៅដល់ទួលថ្ងាន់ ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ៕