(ក្រិច)៖ ប្រធានអាជ្ញាធរសុវត្ថិភាពដែនអាកាសរបស់ប្រទេសក្រិច បានប្រាប់សារព័ត៌មាន AFP ថា កម្ទេចយន្តហោះ ដែលរកឃើញនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ក្បែរកោះ Karpathos មិនមែនជាកម្ទេចយន្តហោះដឹកអ្នកដំណើរ EgyptAir ដែលបានធ្លាក់នោះទេ។
លោក Athanasios Binis បាននិយាយថា «រហូតមកដល់ពេលនេះ ការវិភាគនៃកម្ទេចដែលរកឃើញនៅក្បែរនោះ Karpathos ត្រូវបានបញ្ជាក់ថា មិនមែនជាបំណែកយន្តហោះនោះទេ ហើយខាងអេហ្ស៊ីបក៏បញ្ជាក់ប្រាប់ខ្ញុំផងដែរថា បំណែកនោះមិនទាន់ច្បាស់ថាជារបស់យន្តហោះ EgyptAir ដែលបានធ្លាក់ផងដែរ»។
ការច្រានចោលព័ត៌មាននេះ ត្រូវបានធ្វើឡើងក្រោយពេលដែលក្រុមហ៊ុន EgyptAir និងក្រសួងការបរទេសអេហ្ស៊ីប បានប្រកាសថា កម្ទេចយន្តហោះដែលរកឃើញនៅក្បែរកោះមួយជារបស់ប្រទេសក្រិចនោះ ជារបស់យន្តហោះ Airbus 320 ដែលបានធ្លាក់ជាមួយនឹងមនុស្ស ៦៦នាក់។
គួរបញ្ជាក់ផងដែរថា យន្តហោះ EgyptAir ជើងហោះហើរ Flight 804 បានបាត់ពីរ៉ាដា ខណៈហោះចេញពីអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅម៉ោង ២៣៖០៩នាទី ទៅកាន់អាកាសយានដ្ឋាន Cairo Airport ទីក្រុងគែ ប្រទេសអេហ្ស៊ីប ដោយផ្ទុកមនុស្ស ៦៦នាក់ ក្នុងនោះមានសហនាវិក ១០នាក់ ហើយត្រូវបានក្រុមហ៊ុន និងរដ្ឋាភិបាលអេហ្ស៊ីបបញ្ជាក់ថថា បានធ្លាក់នៅក្នុងសមុទ្រ៕