(ភ្នំពេញ)៖ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងបុគ្គលិក ព្រមទាំងអ្នកស្ម័គ្រចិត្តរបស់លោកទាំងអស់ សូមក្រាបបង្គំទូលថ្វាយ នូវសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្មាយុ ៨៦ យាងចូល ៨៧ ព្រះវស្សា។
ក្នុងសារថ្វាយពរ លោក ឆាំង យុ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាសូមក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការពរ សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសដ៏មហាប្រសើថ្លៃថ្លា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ។ ប្រជាជនកម្ពុជាមានភ័ព្វសំណាងក្រៃលែង ដែលអាច និងបន្តជ្រកកោនក្រោមម្លប់ដ៏ត្រជាក់ត្រជុំ ដោយព្រះអង្គតែងលះបង់ព្រះកាយពល និងព្រះរាជបញ្ញាញាណក្នុងការបំពេញព្រះបូជនីយកិច្ចដ៏ឧត្តុងឧត្តមគ្រងថែរក្សា និងយកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជាជាតិកម្ពុជា»៕