(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយដែលមានរយៈពេលប្រមាណ១៥នាទី ដោយមានការបកប្រែ និងរត់អក្សរជាភាសាអង់គ្លេស ក្រោមចំណងជើងថា «ហេតុអ្វីប្រជាពលរដ្ឋខ្មែរបន្តផ្តល់ទំនុកចិត្តលើរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់?»។
វីដេអូនេះបានរំលេចឱ្យឃើញនូវជោគជ័យដ៏ធំធេង នូវដំណើរការបោះឆ្នោត ក៏ដូចជាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នាពេលកន្លងទៅថ្មីៗនេះ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ គឺជារបត់ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ដំណើរការប្រជាធិប្បតេយ្យ សេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋខ្មែរ បាននាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យ៉ាងភ្លូកទឹក ភ្លូកដីដែលធ្វើឲ្យគណបក្សកាន់អំណាចដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទទួលនូវសម្លេងឆ្នោតដ៍ច្រើន លើសលប់។
យោងតាមលទ្ធផល បណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងតំណែងមេឃុំចៅសង្កាត់ស្ទើរតែទាំងស្រុងចំនួន ១៦៤៨ ឃុំ-សង្កាត់ក្នុងចំណោម ១៦៥២ ឃុំសង្កាត់នៅទូទាំងប្រទេស។
គណបក្សប្រជាជនកម្ពុជាក៏ដណ្តើមបានសមាជិកជិកក្រុមប្រឹក្សាឃុំសង្កាត់រហូតដល់ [៩៣៣៩] អាសនៈក្នុងចំណោមសមាជិកក្រុមប្រឹក្សា (១១៦២២) នាក់។ នេះគឺជាលទ្ធផលដែលបានបញ្ជាក់អំពី ប្រជាប្រិយភាពនិងភាពខ្លាំងមិនចេះរីងស្ងួតរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋនៅតែបន្តផ្តល់នូវទំនុកចិត្ត និងការជឿជាក់កាន់តែខ្លាំងនិងដោយឥតប្រែប្រួលឡើយ។
សូមទស្សនាវីដេអូខាងក្រោមនេះ៖