(កំពង់ធំ)៖ បន្ទាប់ពីស្បើយដៃនឹងការងាររដ្ឋបាលខ្លះហើយនោះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានបន្តចុះធ្វើការងារមនុស្សធម៌នៅមូលដ្ឋានយ៉ាងមមាញឹក ជាក់ស្ដែងនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ លោកនិងសហការី ព្រមទាំងសប្បុរសជនបានចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះ ព្រមទាំងចែកអំណោយជូនប្រជាពលរដ្ឋចំនួន១៣គ្រួសារនៅភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
ការចុះជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ក៏មានការណែនាំចង្អុលបង្ហាញជារឿយៗពីសំណាក់លោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ។ ចំពោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត ផ្ទាល់ ក៏មានទស្សនទានមួយដែរ «តោះ! ទៅមូលដ្ឋាន» ដែលជាការយកចិត្តទុកដាក់ជាប្រចាំចំពោះប្រជាពលរដ្ឋ និងស្ថានភាពនៅមូលដ្ឋានស្រុកតាំងគោកនេះ តាំងពីពេលមុនៗ មុនពេលបោះឆ្នោតនិងក្រោយពេលបោះឆ្នោតឃុំអាណត្តិទី៥នេះ ដូច្នេះបានជាសកម្មភាពនៅថ្ងៃនេះ គឺបានឆ្លុះបញ្ចាំងអំពីទស្សនទាននេះយ៉ាងមមាញឹក។
លោក ហាក់ ម៉ុងហួត បានឱ្យដឹងថា ក្នុងពេលដែលលោកចុះសួរសុខទុក្ខប្រជាពលរដ្ឋនោះ លោកនិងសហការីក៏បានចែកជូននូវអំណោយដល់ប្រជាពលរដ្ឋ១៣គ្រួសារផងដែរ ដោយក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូ មី១កេស ឃីត១ឈុត និងទឹកត្រី១យួ១។
លោកអភិបាលស្រុកដ៏សកម្មរូបនេះក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈណាក៏ដោយ ពិសេសសម្ដេចតេជោបានណែនាំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តការចុះជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានជាប់ជានិច្ច។
នាឱកាសនោះដែរ លោកក៏បានគោរពថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកតាំងគោក ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយនៅទូទាំងស្រុកតាំងគោកទទួលបានកំណើនសន្លឹកឆ្នោតដែលគាំទ្រគណបក្សប្រជាជនកម្ពុជាដល់ទៅ ២៤.៨២% ដែលជាអាត្រាខ្ពស់មួយនៅក្នុងខេត្តកំពង់ធំ។ លោកបានបញ្ជាក់ថា នេះក៏ព្រោះតែប្រជាពលរដ្ឋស្រលាញ់ពេញចិត្ត ពិសេសនៅតែគាំទ្រនិងបង្កើនការគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យអាជ្ញាធរស្រុកមានឱកាសចុះជួយប្រជាពលរដ្ឋតទៅទៀត។
លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនភាពស៉ាំក្នុងសហគមន៍ពីជំងឺកូវីដ១៩ ក្នុងករណីមានបញ្ហាមិនប្រក្រតី ត្រូវរាយការណ៍មកអាជ្ញាធរភូមិ ឃុំ។
លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលតែងតែចូលរួមជាមួយរដ្ឋបាលស្រុក ទាំងថវិកា និងកម្លាំងកាយចិត្ត ដើម្បីធ្វើកិច្ចការមនុស្សធម៌នៅក្នុងស្រុកតាំងគោក។ មិនតែប៉ុណ្ណោះ លោកក៏សំណូមពរឱ្យអាជ្ញាធរចាត់ទុកប្រជាពលរដ្ឋដូចជាបងប្អូនពុកម៉ែរបស់ខ្លួន និងត្រូវស្ម័គ្រចិត្តបម្រើពួកគាត់គ្រប់គ្រប់កាលៈទេសៈ៕