Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ៖ កិច្ចប្រជុំអាស៊ាន-រុស្ស៊ី នឹងចាប់ផ្តើមនៅថ្ងៃនេះ, គណៈប្រតិភូនឹងត្រឡប់មកដល់ភ្នំពេញវិញនៅព្រឹកថ្ងៃសៅរ៍

20-05-2016 08:05

(រុស្ស៊ី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីទីក្រុង Sochi ប្រទេសរុស្ស៉ី អំពីដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ថា នៅម៉ោង១២៖០០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ កិច្ចប្រជុំនឹងចាប់ផ្តើម ហើយនឹងបញ្ចប់នៅម៉ោង៤រសៀល។ បន្ទាប់ពីកិច្ចប្រជុំនេះ គណៈប្រតិភូកម្ពុជា នឹងចាកចេញពីទីក្រុង Sochi នៅម៉ោង ៥ល្ងាចថ្ងៃទី២០ ខែដដែល នឹងមកដល់ភ្នំពេញវិញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ត្រូវនឹងថ្ងៃសៅរ៍។

សូមជម្រាបថា នៅថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សា ការងារជាប្រវត្តិសាស្ត្រជាមួយ លោកប្រធានាធីបតី សហព័ន្ធរុស្ស៊ី Vladimir Putin នៅទីក្រុងសូឈី ប្រទេសរុស្ស៊ី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីលទ្ធផលនៃជំនួបថា ប្រធានាធិបតីរុស្ស៊ី  Vladimir Putin បានចាត់ទុកប្រទេសកម្ពុជា ជាមិត្តចាស់ និងជាដៃគូប្រពៃណី។ លើសពីនេះ លោក Vladimir Putin បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមិត្តដ៏ជិតស្និទ្ធ និងជាទីទុកចិត្តបំផុត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា កិច្ចពិភាក្សានោះ សម្តេច និងលោក Putin បានពិភាក្សាផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ ដែលភាគីទាំង២ យកចិត្តទុកដាក់៕