(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីសម្រាលកូនចំនួន ១២ ៧៨៥នាក់ នៃរោងចក្រសហគ្រាសទាំង១២៨ ដែលធ្លាប់ព្យួរកិច្ចសន្យាការងារក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១ ក្នុងផ្នែកវាយនភណ្ឌកាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបដែលបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញទន់ និងសុវត្ថិភាពនិងសុខភាពការងារ (ជុំទី២) កន្លងទៅ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានឱ្យដឹងទៀតថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់វគ្គបណ្ដុះបណ្ដាលជំនាញទន់ និងសុវត្ថិភាព និងសុខភាពការងារទៅលេខទូរស័ព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រសហគ្រាសនាពេលកន្លងមក។
ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់គិតជាប្រាក់ដុល្លារអាម៉េរិក ចំនួន ៩០ដុល្លារអាម៉េរិកតែម្តងគត់ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញទន់ និងសុវត្ថិភាព និងសុខភាពការងារដោយជោគជ័យ។
ក្រសួងសូមរំឮកថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនក្រសួងវិញ ប្រសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ តាមទូរស័ព្ទពីធនាគារ វីង (ខេមបូឌា) ម.ក ដែលសារត្រូវបានបញ្ជូនចេញទៅទូរស័ព្ទរបស់បងប្អូនចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។
ដើម្បីបើក ប្រាក់ឧបត្ថម្ភនេះ កម្មការិនីត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។ សូមបញ្ជាក់ថាបងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ ពេលបើកប្រាក់ឧបត្ថម្ភនេះ។
ក្នុងករណីបងប្អូនកម្មការិនី ដែលបម្រើការងារនៅរោងចក្រសហគ្រាសទាំង១២៨នេះ មិនបានទទួលសារទូរស័ព្ទពីធនាគារ វីង (ខេមបូឌា) ម.ក នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្រសហគ្រាសរបស់ខ្លួន។ ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មការិនីរោងចក្រ សហគ្រាសដទៃផ្សេងទៀតអំពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៩០៦ ៦៦៤, ០១២ ២៣៦ ៦៦៤, ០៣១ ៦៣៤ ៧៦៦៦, ០៨៦ ៦៧០ ០០៦, និង ០៨៦ ៦៣០ ០០៦៕