Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេសអេហ្ស៊ីប បញ្ជាក់ថា រកឃើញបំណែករបស់ Egyptair Flight MS804 នៅក្បែរកោះមួយក្នុងដែនសមុទ្រ

20-05-2016 01:01

(ក្រិក)៖ រដ្ឋមន្រ្តីក្រសួងការបរទេសរបស់អេហ្ស៊ីប បានអះអាងបញ្ជាក់ថា ក្រុមជួយសង្គ្រោះ និងស្វែងរក បានរកឃើញបំណែករបស់ក្រុមហ៊ុន អាកាសចរណ៍ Egyptair Flight MS804 នៅក្បែរកោះមួយក្នុងដែនសមុទ្រ មេឌីទែរ៉ាណេ។

ឆ្មាំការពារដែនសមុទ្ររបស់ប្រទេសក្រិក បានរកឃើញបំណែករបស់អាកាសចរណ៍ អេហ្ស៊ីប EgyptAir flight MS804 នោះហើយ នៅក្បែរកោះមួយរបស់ខ្លួន ក្នុងដែនសមុទ្រ មេឌីទែរ៉ាណេ ដែលនាំឲ្យគ្រប់គ្នាសង្ឃឹមថា នឹងរកឃើញយន្តហោះទាំងមូលក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយរបស់ Skynews មុននេះបន្តិច នាយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦។

រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលអេហ្ស៊ីប ដែលជាជនរងគ្រោះនៅក្នុងហេតុការណ៍ធ្លាក់ យន្តហោះរបស់អាកាសចរណ៍អេហ្ស៊ីបបានថ្លែងថា ការបាត់ខ្លួននិងធ្លាក់នេះទំនងជា ពាក់ព័ន្ធនឹងអំពើភេរវកម្ម ជាជាងមកពីបញ្ហាបច្ចេកទេស។

ករណីបាត់យន្តហោះ EgyptAir ជើងហោះហើរ Flight 804 ត្រូវបានគេរាយការណ៍មកថា មានជនជាតិ អេហ្ស៊ីប ៣០នាក់, បារាំង ១៥នាក់, ចក្រភពអង់គ្លេស ១នាក់, អ៊ីរ៉ាក់ ២នាក់, ប៊ែលហ្សិក ១នាក់, គុយវ៉េត ១នាក់, អារ៉ាប៊ីសាអូឌីត ១នាក់, ឆាដ ១នាក់, ព័រទុយហ្គាល់ ១នាក់, អាល់ហ្សេរី ១នាក់, កាណាដា ១នាក់, ស៊ូដង់ ១នាក់ ព្រមទាំងជនជាតិផ្សេងមួយចំនួនទៀត។

មន្ត្រីអាកាសចរណ៍អេហ្ស៊ីប បានបញ្ជាក់ថា ក្នុងរយៈពេល ១០នាទីចុងក្រោយ មុនពេលយន្តហោះ EgyptAir ជើងហោះហើរ Flight 804 បាត់ពីរ៉ាដា គឺគ្មានការហៅទូរស័ព្ទសង្គ្រោះបន្ទាន់នោះទេ។ តាមការបញ្ជាក់បន្ថែមទៀតថា មានក្មេងម្នាក់ និងទារក ២នាក់ ក៏មានវត្តមានលើយន្តហោះ​ដឹក​អ្នក​ដំណើរ ជើងហោះ Flight 804 របស់ក្រុមហ៊ុនអាកាសចរណ៍ EgyptAir ដែលបាននឹងកំពុងបាត់ពីប្រព័ន្ធរ៉ាដា ខណៈកំពុងហោះហើរពី​ទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប៕

តាមការបញ្ជាក់ពីក្រុមហ៊ុន EgyptAir បានឲ្យដឹងថា យន្តហោះដែលបានបាត់ពីប្រព័ន្ធរ៉ាដា គឺស្ថិតនៅរយៈកម្ពស់ ៣៧,០០០ហ្វីត ប្រហែល ១១,៥គីឡូម៉ែត្រ និងជាប្រភេទយន្តហោះ Airbus 320។

យោងតាមការចុះផ្សាយរបស់ Sky News ដោយដកស្រង់សំដីរបស់អ្នកនាំពាក្យក្រុមហ៊ុន EgyptAir បានឲ្យដឹងថា នៅលើយន្តហោះមានផ្ទុកមនុស្ស ៦៦នាក់ ក្នុងនោះមាន​អ្នក​ដំណើរ ៥៦នាក់ និងសហនាវិកចំនួន ១០នាក់ ដោយ​បាន​ហោះហើរចេញពីអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅម៉ោង ២៣៖០៩នាទី ទៅកាន់អាកាសយាន​ដ្ឋាន Cairo Airport ទីក្រុងគែ ប្រទេសអេហ្ស៊ីប៕