(ក្រចេះ)៖ អ្នកសារព័ត៌មានសរុបចំនួន៣០នាក់ មកពីបណ្តាញសារព័ត៌មានចំនួន១៧ បាននឹងកំពុងចូលរួមធ្វើដំណើរទស្សនកិច្ចសារព័ត៌មានរយៈពេលពីរថ្ងៃ ទៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះ ចាប់ពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២២ ដែលសហរៀបចំឡើងដោយក្រសួងបរិស្ថាន និងអង្គការWWF។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលដឹកនាំដំណើរទស្សកិច្ចនេះ បានឱ្យដឹងថា ធ្វើក្នុងគោលបំណងផ្តល់ជូនអ្នកសារព័ត៌មាន នូវឱកាសដើម្បីទទួលបានបទពិសោធន៍ផ្ទាល់ ពីស្ថានភាពសត្វព្រៃនៅក្នុងតំបន់ និងស្វែងយល់ពីសក្តានុពលនៃតំបន់ព្រៃលិចទឹកមេគង្គ សម្រាប់ការអភិរក្សធនធានជីវចម្រុះ និងការស្តារប្រភេទសត្វព្រៃសំខាន់ៗ ដែលមានតម្លៃជាសកល ដើម្បីរួមចំណែកដល់ការអភិរឌ្ឍសេដ្ឋកិច្ច និងជីវភាពសហគមន៍មូលដ្ឋាន។
មន្រ្តីមកពីក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តក្រចេះ សមាជិកសហគមន៍ លោក សេង ទៀក នាយកអង្គការ WWF និងបុគ្គលិកអង្គការ WWF សរុបជាង៦០នាក់ក៏នឹងចូលរួមក្នុងដំណើរទស្សនកិច្ចនេះដែរ។
លោក នេត្រ ភក្រ្តា បានឲ្យដឹងថា «គោលបំណងនៃដំណើរទស្សនកិច្ចសារព័ត៌មាននេះ ធ្វើឡើងស្របតាមគោលការណ៍របស់ក្រសួងបរិស្ថាន ពោលគឺលើកកម្ពស់ និងបង្កើនការរាយការណ៍ព័ត៌មាន ប្រកបដោយវិជ្ជាជីវៈអំពីវិស័យបរិស្ថាន ធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា»។
លោកបានគូសបញ្ជាក់ថា «ព័ត៌មានដែលប្រជាពលរដ្ឋទទួលបាន នឹងជួយបង្កើនចំណេះដឹងផ្នែកបរិស្ថានរបស់ពួកគាត់ និងរួមចំណែកបណ្តុះទឹកចិត្តស្រលាញ់ និងថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ មិនត្រឹមតែប៉ុណ្ណោះអាចលើកទឹកចិត្តអោយពួកគាត់ ធ្វើសកម្មភាពជាវិជ្ជមាន ក្នុងចូលរួមការការពារធនធានទាំងនេះ សម្រាប់មនុស្សជំនាន់ក្រោយៗផងដែរ»។
នៅតំបន់ព្រៃលិចទឹកមេគង្គ ក្រសួងបរិស្ថាន និងអង្គការ WWF បាននិងកំពុងធ្វើការយ៉ាងជិតស្និតជាមួយនឹងមន្ទីរពាក់ព័ន្ធ សហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាការពារព្រៃឈើ ធនធានធម្មជាតិនិងសត្វព្រៃកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅតំបន់ការពារចំនួន០២ ដែលមានផ្ទៃដីសរុបប្រមាណ៦២ពាន់ហិកតា។ ដំណើរទស្សនកិច្ចសារព័ត៌មាននេះ នឹងដឹកនាំអ្នកចូលរួមឲ្យស្វែងយល់ពីតម្លៃជាសកលនៃដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែលជាទីជម្រកនៃសត្វក្តាន់ ឈ្លូស ឆ្មាដាវ សំពោច និងដែនជម្រកសត្វព្រៃសំបូរ ដែលជាជម្រកសត្វរមាំង និងប្រភេទបក្សីសំខាន់ៗដូចជា ត្រយ៉ងយក្ស ត្រយ៉ងចម្កំកស កុកពាក់អំបោះ ត្រដក់តូច ក្ងោក និងសត្វរំពេទន្លេដែលជាប្រភេទសត្វកម្របំផុតនៅតំបន់អាស៊ីអាគ្នេយ៍។
លោក សេង ទៀក នាយកអង្គការ WWF បានលើកឡើងសារៈសំខាន់ នៃដំណើរទស្សនកិច្ចសារព័ត៌មាននេះថា ជាការនាំផ្សារភ្ជាប់កាន់តែជិតស្និត នូវទំនាក់ទំនងរវាងសារព័ត៌មាន និងវិទ្យាសាស្រ្ត ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពនៃការផ្សព្វផ្សាយព័ត៌មានបែបអាជីព ស្តីអំពីកិច្ចការអភិរក្ស ដល់សាធារណៈជននិងអ្នកពាក់ព័ន្ធក្នុងវិស័យនេះ។
លោកថា៖ «ដំណើរទស្សនកិច្ចសារព័ត៌មាននាពេលនេះ នឹងផ្តល់ដល់អ្នកសារព័ត៌មាន នូវព័ត៌មានថ្មីដែលប្រកប ដោយចំណេះដឹងផ្អែកលើវិទ្យាសាស្រ្ត ដែលអាចជួយពង្រីកទស្សនៈវិស័យរបស់អ្នកសារព័ត៌មាន ឲ្យកាន់តែប្រសើរឡើង បង្កើនការយល់ដឹងជាសាធារណៈអំពីតម្លៃដ៏វិសេសវិសាលឥតកាត់ថ្លៃបាន នៃតំបន់ព្រៃលិចទឹកមេគង្គ សម្រាប់ការអភិរក្សប្រភេទសត្វ ដែលកម្រៗនៅលើពិភពលោក និងតួនាទីនៃតំបន់នេះក្នុងការផ្គត់ផ្គង់នូវតម្រូវការចាំបាច់ជាច្រើន គាំទ្រដល់ប្រព័ន្ធទ្រទ្រង់ជិវិតសម្រាប់មនុស្ស និងសត្វ»។
ដំណើរទស្សនកិច្ចសារព័ត៌មាននេះ ជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងទំនាក់ទំនងសាធារណៈដែលក្រសួងបរិស្ថាន និងអង្គការ WWF បាននឹងកំពុងលើកកម្ពស់។ ដោយផ្អែកលើមូលដ្ឋាន នៃកិច្ចខិតខំប្រឹងប្រែងនេះ ក្រសួងបរិស្ថាន និងអង្គការ WWF បាននឹងកំពុងបន្តកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង ស្តារឡើងវិញ និងការពារធនធានធម្មជាតិ ប្រភេទសត្វព្រៃដែលមានតម្លៃជាសកលជាច្រើន ហើយស្របពេលជាមួយគ្នាដែរលើកទឹកចិត្ត និងសហការជាមួយសហគមន៍មូលដ្ឋានក្នុងការអភិរក្ស និងជួយពង្រឹងជីវភាពរស់នៅរបស់សហគមន៍ ក្នុងគោលបំណងកៀគរការចូលរួមរបស់សហគមន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងតំបន់ការពារប្រកបដោយនិរន្តរ៍ភាព។
ដែនជម្រកសត្វព្រៃព្រែកប្រសព្វមានផ្ទៃដីសរុប ១២,៧៧០ហិកតា ស្ថិតក្នុងស្រុកព្រែកប្រសព្វ។ ដែនជម្រកសត្វព្រៃសំបូរ មានផ្ទៃដីសរុប ៥០,០៩៣ហិកតា ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។
ដែនជម្រកសត្វព្រៃទាំងពីរនេះ ជាទីជម្រកធម្មជាតិយ៉ាងសំខាន់ សម្រាប់ថនិកសត្វសរុបចំនួនប្រមាណ១១ប្រភេទ ឧរុង្គសត្វ និងពពួកល្មូនចំនួន៥៦ប្រភេទ រុក្ខជាតិចំនួន៦៨៣ប្រភេទ សត្វស្លាបជាង២០០ប្រភេទ និងត្រីចំនួន២២៣ប្រភេទ។
លើសពីនេះ ធនធានអនុផលព្រៃឈើ និងទន្លេ ជាប្រភពធនធានយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ និងសម្រាប់ការស្វែងរកចំណូល របស់សហគមន៍មូលដ្ឋាន ក៏ដូចជាផ្តល់ប្រព័ន្ធគាំទ្រភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួត។ យើងសូមថ្លែងអំណរគុណ ចំពោះការផ្តល់មូលនិធិ និងការគាំទ្រពី WWF បែលហ្សិក រដ្ឋាភិបាលប្រទេសបែលហ្សិក (DGD) មូលនិធិភាពជាដៃគូប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ (CEPF) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចប្រតិបត្តិការ (SDC) និង Binco៕