(កាណាដា)៖ យន្តហោះផ្ទាល់ខ្លួន របស់ព្រះមហាក្សត្រស្វាស៊ីឡង់ ព្រះចៅ Mswait III ត្រូវបានអាជ្ញាធរកាណាដា ចាប់ឃាត់ទុកជាលើកទីពីរ ដោយសារតែរឿងជំពាក់លុយ មិនព្រមសងតាមកាលកំណត់។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦។
ក្រុមហ៊ុន Shanmuga Rethenam របស់សិង្ហបុរី ដែលជាដៃគូពាណិជ្ជកម្ម ជាមួយព្រះចៅ Mswait III បានស្នើអាជ្ញាធរកាណាដា ចាត់វិធានការដូចខាងលើនេះ ដោយមានការអនុញ្ញាតពីតុលាការរបស់ ប្រទេសកាណាដា ព្រមទាំងធ្វើការបង្កកទ្រព្យសម្បត្តិ ដែលព្រះចៅនៃរាជាណាចក្រ នៅតំបន់អាហ្វ្រិកខាងត្បូងមួយនេះ ចំនួន៥,៤លានដុល្លារអាមេរិក ដែលព្រះអង្គធ្លាប់អះអាងថាជាប្រាក់កម្ចី។
អ្នកនាំពាក្យរដ្ឋាភិបាលស្វាស៊ីឡង់ លោក Percy Simelane បានឲ្យដឹងថាព្រះអង្គរបស់ខ្លួន មិនបានជំពាក់លុយក្រុមហ៊ុនសិង្ហបុរីនោះឡើយ ហើយព្រះអង្គនឹងចូលស្រាយបំភ្លឺចំពោះ មុខតុលាការក្នុងពេលឆាប់ៗ៕