(សៀមរាប)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប សហការជាមួយវិទ្យាល័យអង្គរ បានរៀបចំកម្មវិធីតម្រង់ទិសដល់សិស្សានុសិស្សវិទ្យាល័យអង្គរ ដែលកំពុងសិក្សាថ្នាក់ទី១១ និងទី១២ ក្រោមប្រធានបទ «គន្លឹះទម្រង់ទិសសិស្សានុសិស្ស ដើម្បីឱ្យដឹងពីចំណង់ចំណូលចិត្តដែលខ្លួនចង់រៀន»។
ដោយមើលឃើញពីភាពខ្វះខាត និងផលលំបាកសម្រាប់សិស្សានុសិស្សពេលប្រឡងចប់សញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប មិនអាចជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ពិតប្រាកដ ឬជ្រើសរើសខុសជំនាញនោះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាសៀមរាប បានរៀបចំកម្មវិធីតម្រង់ទិស ដើម្បីឱ្យសិស្សទាំងនោះ មានការត្រៀមខ្លួន និងសម្រេចចិត្តមុនឈានចូលមួយជំហានទៀត។
ក្នុងកម្មវិធីដែលរៀបចំនៅវិទ្យាល័យអង្គរ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក ថោង ប៊ុនថារី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានលើកឡើងថា ការគិតគូរពីជំនាញដែលខ្លួនគួររៀននៅថ្នាក់មហាវិទ្យាល័យ គួរចាប់ផ្តើមពីពេលនេះទៅ គឺកំពុងរៀនថ្នាក់ទី១១ និងទី១២។ ក្នុងនាមជាអតីតសិស្សវិទ្យាល័យអង្គរ លោក ប៊ុនថារី ពិតជារីករាយណាស់ ដែលបានរៀបចំកម្មវិធីនេះឡើង និងមានសិស្សានុសិស្សច្រើនរយនាក់ចូលរួម ដែលបង្ហាញថា សិស្សានុសិស្សទាំងអស់ពិតជាចង់ដឹងពីអ្វីដែលពួកគេគួរត្រៀមខ្លួនសម្រាប់ឈានដល់មួយជំហានទៀតក្នុងការសិក្សា។
ប្រធានមន្ទីរអប់រំខេត្តសៀមរាប លោក លី ប៊ុនណា លើកឡើងថា ក្នុងនាមមន្ទីរអប់រំលោករីករាយ និងគាំទ្រចំពោះកម្មវិធីនេះជាខ្លាំង ដ្បិតបានជួយទម្រង់ទិសដល់សិស្ស ដើម្បីឱ្យពួកគេមានការកំណត់ទិសដៅបន្តសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។ លោកបន្តថា ការមានជម្រើសដ៏ជាក់លាក់ នឹងជួយឱ្យពួកគេឆ្ពោះទៅរកអាជីពមួយដែលខ្លួនពេញចិត្ត និងជោគជ័យទៅអនាគត។
លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដែលចូលរួមក្នុងពិធីបើកកម្មវិធីទម្រង់ទិសខាងលើ បានលើកឡើងថា កម្មវិធីនេះពិតជាសំខាន់ណាស់ ដើម្បីទម្រង់ទិសវិថីជីវិតរបស់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ជាតិ ជម្នះមន្ទិលរបស់ខ្លួនឯងថាចង់ទៅណាឱ្យប្រាកដ។ លោកបន្តថា នេះជាឱកាសល្អសម្រាប់សិស្សដែលបានអ្នកជំនាញអប់រំដ៏ល្បី គឺលោក គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ហើយដែលលោកក៏គ្រោងបើកសម្ពោធសាខាសាលាមួយនៅខេត្តសៀមរាបផងដែរ នាពេលឆាប់ៗនេះ។
ក្នុងនោះលោក អ៉ឹង គឹមលាង ក៏បានចែករំលែកវិធីសាស្រ្ដផ្ទាល់ខ្លួនរបស់លោកខ្លះៗ ដល់សិស្សដើម្បីភាពជោគជ័យទៅអនាគតផងដែរ ដូចជាត្រូវមានផែនការជីវិត ទិសដៅជីវិតថាខ្លួនឯងចង់ក្លាយជាអ្វី គឺត្រូវគិតឱ្យហើយ។ល។
វាគ្មិនដ៏សំខាន់ក្នុងពិធីទម្រង់ទិស គឺលោក គួច ម៉េងលី បានចំណាយពេលប្រមាណ២ម៉ោង ដោយផ្តល់ទាំងការអប់រំ និងស្ដីបន្ទោសខ្លះៗផង ក្នុងន័យឱ្យសិស្សានុសិស្សដែលជាយុវជន ប្រឹងប្រែងរៀនសូត្រ ដើរលើផ្លូវត្រឹមត្រូវ ចៀសវាងដើរខុសផ្លូវនាំឱ្យខាតបង់អនាគត។
លោកបានលើកឡើងថា ជោគជ័យរបស់បុគ្គលម្នាក់ៗ គឺកើតចេញពីការខិតខំប្រឹងប្រែង និងដោយការអត់ធ្មត់។ លោកប្រាប់ក្មេងៗទៀតថា ត្រូវបន្តធ្វើអ្វីដែលខ្លួនស្រឡាញ់ ធ្វើអ្វីតាមចំណង់ចំណូលចិត្តខ្លួនឯង ហើយការរៀនសូត្រក៏ដូចគ្នា ច្បាស់ណាស់វានឹងជួយឱ្យយើងអាចរកផ្លូវ និងអាជីពជីវិតបានយ៉ាងល្អប្រសើរនាអនាគត៕