(សៀមរាប)៖ កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅភូមិសាស្ដ្រមួយចំនួន ក្នុងស្រុកប្រាសាទបាង សរុបចំនួន ៥គ្រួសារ (រលំ២ខ្នង របើកដំបូល៣ខ្នង) និងឃុំកណ្តែក រលំ២ខ្នង របើកដំបូល១ខ្នង ឃុំបាគងរបើកដំបូល១ខ្នង ឃុំមានជ័យរបើកដំបូល១ខ្នង។
ថ្លែងក្នុងឱកាសនោះ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក លោក ស៊ុ សំអន នាយកកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកក៏បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់ តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល និងទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
លើសពីនេះទៀត លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាជនរងគ្រោះ ពេលរៀបចំសាងសង់លំនៅដ្ឋាន សូមគិតដល់គុណភាព ឬធ្វើគ្រឹះឱ្យបានរឹងមាំ ចៀសវាងយកតែទំហំធំ តែមិនមាំទាំអាចបណ្ដាលឱ្យមានបញ្ហាទៅថ្ងៃមុខទៀត។
ជាមួយនេះដែរ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន ៖ គ្រួសាររលំផ្ទះ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកស៊ីអ៊ីវ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល។ ចំណែកគ្រួសាររបើកដំបូល ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ ស័ង្កសី ១០សន្លឹក មី១កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀលផងដែរ៕