(ភ្នំពេញ)៖ ក្រោយពីចុះត្រួតពិនិត្យជាក់ស្ដែង ពីស្ថានភាពលើកំណាត់ផ្លូវលេខ១៨២ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ឃើញថាមានជង្ហុគតូច-ធំ កើតមានជា (សំបុកមាន់) ដែលពិបាកក្នុងការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោកអភិបាលខណ្ឌ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តដឹកនាំមន្ត្រីការិយាល័យសាធារណៈការដឹកជញ្ជូន អនាម័យ បរិស្ថាន និងកម្លាំងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ-សង្កាត់ នាំយកសម្ភារសំណង់ មានថ្មគ្រោះ ខ្សាច់ និងស៉ីម៉ង់ ផងដែរ ទៅធ្វើការជួសជុលលប់បំបាត់ចោលភ្លាមៗ ដើម្បីបង្កាទប់ស្កាត់ ទាំងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ និងបង្កាកុំឲ្យខូចខាតកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ក្នុងការរួមចំណែកកាត់បន្ថយលើការចំណាយថវិការបស់ជាតិ។
លោក ជា ពិសី បានឲ្យដឹងផងដែរថា ការចាក់បេតុងលប់បំបាត់ជង្គុកតូចធំ (សំបុកមាន់) គឺត្រូវបានធ្វើឡើង និងដោះស្រាយជាជំហ៊ានៗ និងបន្តធ្វើឥតឈប់ឈរឡើយ និងជួសជុលឲ្យទាល់តែអស់ ចំពោះផ្លូវទាំងឡាយណា ដែលរងការខូចខាតនូវមួយអន្លើ បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានការស្នើ ឫជាសំណូមពរណាមួយ ពីប្រជាពលរដ្ឋក៏ដោយ ប៉ុន្តែការជួសជុលផ្លូវនេះ ជាសេវាតម្រូវការចាំបាច់ ដែលក្នុងនាមអាជ្ញាធរ ត្រូវមានវិធានការធ្វើទៅតាមលទ្ធភាព ដើម្បីឆ្លើយតបឲ្យទាន់សភាពការ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញថា «មន្ត្រីមិនមែនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋឡើយ» ផ្ទុយទៅវិញ «មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»។
បើតាមលោក ជា ពិសី ក្រោយពីជួសជុលជាបន្តបន្ទាប់នូវផ្លូវ ដែលរងការខូចខាតនូវមួយអន្លើកើតជា (សំបុកមាន់) នៅតាមភូមិសាស្ត្រសង្កាត់និមួយៗ គឺមិនត្រឹមតែអាចចូលរួមជួយកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរ និងបង្កាកុំឲ្យខូចខាតកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះទេ គឺថែមទាំងបានរួមចំណែកក្នុងការកាត់បន្ថយលើការចំណាយថវិការបស់ជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕