(កំពង់ចាម)៖ ក្រុមការងារអ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាល និងរៀបចំកម្មវិធីហូបនំបញ្ចុកយ៉ាងសប្បាយរីករាយជាមួយប្រជាពលរដ្ឋភូមិត្រេីង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ការជួបជុំសំណេះសំណាល និងហូបនំបញ្ចុកជាមួយប្រជាពលរដ្ឋប្រមាណ ៦០០នាក់នេះ ជាកិច្ចថ្លែងអំណរគុណសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិនេះ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលុប ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ កាលពីថ្ងៃទី០៥ ខែមិថុនា កន្លងទៅនេះ។
ភូមិត្រើង គឺជាភូមិមួយដែលគណបក្សប្រជាជនកម្ពុជា ធ្លាប់បរាជ័យសម្រាប់ការបោះឆ្នោតកាលពីឆ្នាំ២០១៧។ ប៉ុន្តែនៅឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រលើសគណបក្សនយោបាយនានា។
លោក ផេង គីមស្រ៊ុន ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក យូ សិរីវុឌ្ឍបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិត្រើង ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោក ផេង គីមស្រ៊ុន និងលោក យូ សិរីវុឌ្ឍ បានហៅការទម្លាក់សន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងភូមិត្រើងនេះ បានបង្ហាញឱ្យឃើញពីការគោរពស្រឡាញ់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។ ជាពិសេសបានផ្តល់នូវសេចក្តីទុកចិត្តជូនក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ និងដឹកនាំការកសាងនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត។
ក្នុងក្រុមការងារពិសេសរបស់គណបក្សប្រជាជនកម្ពុជា លោក ផេង គីមស្រ៊ុន និងលោក យូ សិរីវុឌ្ឍ បានធានាអះអាងនៅចំពោះមុខប្រជាពលរដ្ឋថា ពួកលោកនឹងបន្តប្រឹងប្រែងរួមចំណែកដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ឆ្លើយតបរាល់តម្រូវការឱ្យបានទាន់ពេលវេលា និងកសាងសមិទ្ធផលជាតម្រូវការពលរដ្ឋក្នុងភូមិត្រើង។ បន្ថែមពីលើនេះពួកលោក នឹងជួយជំរុញឱ្យក្រុមប្រឹក្សាឃុំដែលជាប់ឆ្នោត បង្កើនការយកចិត្តទុកដាក់ និងការផ្តល់សេវានានា ឱ្យកាន់តែល្អប្រសើរ។
លោក ផេង គីមស្រ៊ុន និងលោក យូ សិរីវុឌ្ឍ បានបង្ហាញក្តីរំពឹងថា ប្រជាពលរដ្ឋក្នុងភូមិនេះ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០២៣។
បន្ទាប់ពីសំណេះសំណាលក្រុមការងាររបស់អ្នកឧកញ៉ា លី សាម៉េត និងប្រជាពលរដ្ឋក្នុងភូមិត្រើង បានហូបនំបញ្ចុករួមគ្នា និងរាំរែកប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕