(កំពង់ឆ្នាំង)៖ ភរិយាថ្នាក់ដឹកនាំកងទ័ពអាកាស រួមមានលោកស្រី អ៊ូ សិទ្ធិរី សឹង សំណាង និងលោកស្រី ជា ចាន់លីណា គង់ មុនី លោកស្រី តុប ស្សរីយ៍ សែម សុវណ្ណនី រួមដំណើរជាមួយអាជ្ញាធរស្រុកកំពង់លែង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានចុះចែកអំណោយជាសម្ភារៈសិក្សាគ្រប់មុខ និងផ្តល់អាហារថ្ងៃត្រង់មួយពេលជូនកុមារា កុមារីកំព្រានៅមណ្ឌលភូមិទំនប់ ឃុំត្រងិល និងមណ្ឌលភូមិគុយ ក្នុងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ មណ្ឌលកុមារកំព្រាទាំងពីរនេះ ស្ថិតក្រោមការមើលថែទាំពីសំណាក់អង្គការដំណឹងល្អ។
កុមារកំព្រា បុគ្គលិកជាគ្រូ និងអ្នកថែទាំនៅក្នុងមណ្ឌលទាំងពីរនេះ មានចំនួន ៣២នាក់។ កុមារនៅក្នុងមណ្ឌលនេះ ក្នុងម្នាក់ទទួលបានអំណោយជាសម្ភារៈសិក្សាគ្រប់មុខ នំស្ករគ្រាប់ ស្បែកជើងមួយគូ និងថវិកាចំនួន ៦០,០០០រៀល។
ដោយឡែកគ្រូបង្រៀន និងអ្នកមើលថែទាំកុមារចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលអំណោយជាសំលៀកបំពាក់មួយសម្រាប់ និងថវិកា ១០,០០០រៀល។
ក្រៅពីនេះលោកស្រីជាភរិយាថ្នាក់ដឹកនាំកងទ័ពអាកាស បានផ្តល់អំណោយជារួមសម្រាប់ប្រើប្រាស់ផ្ទាល់ក្នុងមណ្ឌលកុមារកំព្រាទាំងពីរខាងលើ មានតុក្កតាមួយបាវតូច អង្ករ ១០០គីឡូក្រាម សៀង ១០គីឡូក្រាម បាល់ទាត់ចំនួន២ សម្ភារៈសិក្សា សៀវភៅ ប៊ិចខ្មៅដៃ រួមនិងថវិកាចំនួន ១០០ដុល្លារអាមេរិក និង ៦២០.០០០ រៀល និងខោអាវមួយចំនួនសម្រាប់មណ្ឌលកុមារកំព្រាទាំងពីរចាត់ចែងតាមតម្រូវការចាំបាច់។
ក្នុងថ្ងៃដដែលនោះភរិយាថ្នាក់ដឹកនាំកងទ័ពអាកាស និងសប្បុរសជនបានអញ្ជើញចូលរួមប្រគេនទេយ្យវត្ថុ ទានវស្សាមួយគូ និងបច្ច័យចំនួន ៥០,០០០រៀល សម្រាប់កសាងវត្តពោធិ៍សត្ថារាម នៅក្នុងឃុំកំពង់ហៅ៕