(ភ្នំពេញ)៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាជាតំណាង នាំយកសម្លៀកបំពាក់ មួក ស្បែកជើងសម្រាប់ប្រើប្រាស់ក្នុងការពន្លត់អគ្គិភ័យចំនួន៣០សម្រាប់ ប្រគល់ជូនដល់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ស្ថិតនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នាឱកាសនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា ដោយលោកបានគិតគូរពីសុវត្ថិភាពកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ តាមរយៈការផ្ដល់សម្ភារៈខាងលើនេះ។
លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងនូវការកោតសរសើរដល់កងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់លះបង់កម្លាំងកាយចិត្ត ដោយមិនគិតពីអាយុជីវិត ពេលវេលា ការនឿយហត់ជួយអន្តរាគមន៍ពន្លត់អគ្គិភ័យសង្គ្រោះដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងមិនឱ្យគ្រោះអគ្គិភ័យឆេះរាលដាលជាលក្ខណៈទ្រង់ទ្រាយធំ។
លោកបញ្ជាក់ថា សម្រាប់សម្លៀកបំពាក់ មួក ស្បែកជើងទាំងនេះផលិតនៅប្រទេសជប៉ុន ដែលមានលក្ខណៈងាយស្រួលស្លៀកពាក់ មិនហប់ និងអាចការពារកងកម្លាំងសមត្ថកិច្ចក្នុងពេលប្រតិបត្តិការពន្លត់អគ្គិភ័យប្រកបដោយសុវត្ថិភាព។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិសាខាក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ថ្វីដ្បិតតែមានកងកម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៅចាំជួយសង្គ្រោះក៏ពិតមែន តែជាចម្បងបំផុតប្រជាពលរដ្ឋត្រូវមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នបង្ការដោយខ្លួនឯង ដោយកុំធ្វេសប្រហែសអំពីភ្លើងទៀនធូប ចង្ក្រាន ហ្គាស ការតបណ្តាញអគ្គិភ័យប្រើប្រាស់ និងវត្ថុផ្សេងៗដែលងាយឆាបឆេះ ដើម្បីចៀសវាងពីគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ៕