(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញបើកកិច្ចប្រជុំជាមួយភាគីការពារព្រំដែនវៀតណាម ដើម្បីត្រៀមរៀបចំខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ផាម មីញជើង នាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ ដំណឹងនេះត្រូវបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
ពិធីរំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) នឹងត្រូវធ្វើនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)៕