(ភ្នំពេញ)៖ លោក គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានថ្លែងអំណរគុណកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដែលបានឧបត្ថម្ភថវិកា១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

លោក គី សង់ទី បានឲ្យដឹងថា «ក្នុងនាមជាថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័យវរ័្មនទី៧ គន្ធបុប្ផាទី៣ ព្រមទាំងកូនចៅដែលបានទទួលការថែទាំព្យាបាល សង្រ្គោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់គ្នា សូមអនុញ្ញាតគោរពអរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ ដល់សុខុមាលភាពកុមារនិងមាតា និងបានឧបត្ថម្ភថវិកាចំនួន១លានដុល្លារអាមេរិកជាលើកទី១១ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងប្រធានកិត្តិយស និងមានបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាប្រយោជន៍ក្នុងបេសកកម្ម ពិនិត្យព្យាបាលសង្គ្រោះកុមារកម្ពុជាជាកូនចៅ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងពុំមានការរើសអើង»។

លោកបានបន្ដថា «យើងទាំងអស់គ្នាសូមលើកអញ្ជលីដួងសួង ដល់វត្ថុស័ក្តិសិទ្ធក្នុងលោក ជួយថែរក្សាសម្តេចទាំងទ្វេ និងឥស្សរជនឆ្នើមជាតិទាំងឡាយ ព្រមទាំងសប្បុរសជនគ្រប់លំដាប់ថ្នាក់ បានជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

សូមជម្រាបថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជាបានឧបត្ថម្ភថវិកា១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី៥ ដែលត្រូវជាលើកទី១១ ឆ្នាំទី១១ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ២០១២រៀងមក។

ពិធីប្រគល់ និងទទួលនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្នុងឱកាសនោះថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលតំណាងដោយ លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស៕