(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមច្បាប់ជាបន្ទាន់លើការផ្សព្វផ្សាយចម្រៀង «ផ្កាយរះកណ្តាលថ្ងៃ» តាមបណ្តាញសង្គម ដែលប្រមាថ តិះដៀល ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ.ជ.ប។

តាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គ.ជ.ប បានបញ្ជាក់ថា ខ្លួនបានឃើញទំព័រហ្វេសបុក (Facebook) ឈ្មោះ «វីរភាព សម រង្ស៉ី» ចាក់ផ្សាយបទចម្រៀងមួយ ដែលមានចំណងជើងថា «ផ្កាយរះកណ្តាលថ្ងៃ» កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដោយច្រៀងបង្ខូចកេរ្តិ៍ឈ្មោះ គ.ជ.ប ថា ជា «ចោរ គ.ជ.ប.…» និងបង្កប់ដោយន័យអសុរោះ អសីលធម៌ ប្រមាថ តិះដៀល បន្ទាបបន្ថោកដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើស្ថាប័ន គ.ជ.ប និងដែលអាចធ្វើឱ្យមានការភាន់ច្រឡំ និងបាត់ទំនុកចិត្តលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ។

គ.ជ.ប ក៏បានសម្តែងនូវការសោកស្តាយ មិនអាចទទួលយកបាន និងបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើរបស់ជនអគតិមួយចំនួន ដែលមានចេតនាទុច្ចរិត ក្នុងគោលដៅបម្រើផលប្រយោជន៍ និងមហិច្ឆតា របស់ខ្លួន។ គ.ជ.ប ស្នើសុំបុគ្គលដែលពាក់ព័ន្ធ សូមបញ្ឈប់សកម្មភាពចែកចាយនេះជាបន្ទាន់ ។

អនុលោមតាមមាត្រា ៤២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប និងមាត្រា ១៧១ ន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ច មេត្តាស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ជាបន្ទាន់ ដើម្បីធានាឯករាជ្យភាព អព្យាក្រឹត សច្ចៈ យុត្តិធម៌ និងតម្លាភាព របស់សា្ថប័នជាតិ គ.ជ.ប៕