(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ មិនបានរកឃើញកំហុសណាមួយពាក់ព័ន្ធការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានបញ្ជាក់ក្នុងក្រដាសលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតក្នុងឃុំ សង្កាត់ (ទ.១១០៥ធខ) តារាងលទ្ធផលនៃការបោះឆ្នោតតាមឃុំ សង្កាត់ ក្នុងរាជធានី ខេត្ត (ទ.១១១០) និងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត (ទ.១១១១) ឡើយ។ ភាគីដែលចូលរួមជាសាក្សីទាំងអស់បានឯកភាព និងពុំមានការតវ៉ា ឬជំទាស់អ្វីនោះទេ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបានបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា គ.ជ.ប បានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ផែនការមេ និងប្រតិទិនការងាររបស់ គ.ជ.ប។
គ.ជ.ប បានឱ្យដឹងថា ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ ត្រូវបានបែងចែកជា ៥ក្រុម ដោយក្រុមនីមួយៗ ទទួលបន្ទុកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលតាមឃុំ សង្កាត់ នៃខេត្តចំនួន៥ លើកលែងតែក្រុមទី៣ ទទួលបន្ទុកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលតាមឃុំ សង្កាត់ នៃខេត្តចំនួន៤ និងសង្កាត់ទាំងអស់ នៃរាជធានីភ្នំពេញ។
បន្ថែមពីនេះ គ.ជ.ប បានបន្ថែមថា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបានចំណាយពេល ២ថ្ងៃ គឺនៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ហើយក្រុមនីមួយៗបានអនុវត្តការងារត្រួតពិនិត្យ និងផ្ទៀងផ្ទាត់របស់ខ្លួននៅចំពោះមុខតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន នៅទីស្ដីការ គ.ជ.ប។
ការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត កាលពីថ្ងៃទី៥ និងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ គ.ជ.ប បានធ្វើឡើងដោយផ្អែកលើកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ដែលគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានបញ្ជូនមក ហើយទម្រង់នេះ ត្រូវបានបង្ហោះនៅលើគេហទំព័រ គ.ជ.ប electresult.nec.gov.kh៕