(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការក្រើនរំលឹកសារជាថ្មី នៃការដាក់ឲ្យអនុវត្តតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) នៅរាជធានីភ្នំពេញ។ នេះ បើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមិថុនានេះ។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីជូនដំណឹងលេខ ០៩០/២១ សជណ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្តីពីការដាក់ឲ្យអនុវត្តតារាងកម្រៃសេវាគ្រប់គ្រងសំរាមសំណល់រឹង (ថ្មី) នៅរាជធានីភ្នំពេញ ដែលបានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជនមួយចំនួនធំ បានអនុវត្តការបង់ថវិកាតាមតារាងកម្រៃថ្មីយ៉ាងល្អប្រសើរ ប៉ុន្តែនៅមានមួយចំនួនតូចទៀត នៅមិនទាន់បានអនុវត្តការបង់ថវិកាតាមតារាងកម្រៃថ្មីនេះនៅឡើយ។
ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើសេចក្ដីជូនដំណឹងសារជាថ្មីម្ដងទៀត ដល់បងប្អូនប្រជាពលរដ្ឋម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជន សូមមេត្តារួសរាន់មកបង់ថ្លៃសេវា គ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) ក្នុងករណីដែលមិនព្រមបង់ថ្លៃសេវាតាមតារាងកម្រៃថ្មីនេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការដូចខាងក្រោម៖
១៖ បញ្ចេញឈ្មោះជាសាធារណៈតាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា
២៖ កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្ដោះអាសន្ន
៣៖ អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។
ទទួលបានសេចក្ដីជូនដំណឹងនេះ សូមម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។ បើសិនជាមានអ្នក ប្រមូលថវិកាខុសពីតារាងកម្រៃថ្មី ដូចដែលបានជូនភ្ជាប់មកជាមួយនេះ សូមធ្វើការទាក់ទងលេខទូរស័ព្ទ ០៨១ ៦៤៦ ២២២ / ០១១ ៦៤៦ ២២២ / ០១២ ៩៩ ២៥ ៩៩៕