(ព្រះវិហារ)៖ បច្ច័យចំនួន៥៥០០០ដុល្លារ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ត្រូវបានលោក ហៀង ប៊ុនសេង និងលោកស្រី ព្រមទាំងក្រុមការងារ និងមានការចូលរួមពីលោក យុង គឹមហឿង នាយករដ្ឋបាលសាលាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ នាំយកទៅប្រគេនព្រះសង្ឃគង់នៅវត្តព្រះពុទ្ធមានជ័យ ស្ថិតក្នុងភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ សម្រាប់បង្ហើយដំបូលព្រះវិហារដែលកំពុងកសាង។

នៅក្នុងឱកាសនេះដែរ លោក ហៀង ប៊ុនសេង បានថ្លែងពាំនាំ ប្រគេនព្រះសង្ឃ និងលោកយាយលោកតា នូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង។

លោក ហៀង ប៊ុនសេង ក៏បានទូលប្រគេនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា ពីបច្ច័យចំនួន៥៥០០០ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនាំមកប្រគេនព្រះសង្ឃនៅពេលនេះ គឺដើម្បីបង្ហើយដំបូលព្រះវិហារ ដែលកំពុងកសាង។

លោក ហៀង ប៊ុនសេង រួមជាមួយព្រះសង្ឃ គណៈកម្មការវត្តនិងលោកយាយ លោកតា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដែលមានសទ្ធាជ្រះថ្លាប្រគេនបច្ខ័យដល់ព្រះសង្ឃ សម្រាប់បង្ហើយដំបូលព្រះវិហារដែលកំពុងមានការខ្វះខាតនិងកំពុងកសាងនៅពេលនេះ និងសូមជូនពរសម្តេចទាំងទ្វេរព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមមានសុខភាពល្អ អាយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

ដោយឡែកលោកគ្រូចៅអធិការវត្តព្រះពុទ្ធមានជ័យ បានមានសង្ឃដីការថា បច្ច័យដ៏ថ្លែថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនាំមកប្រគេនវត្តព្រះពុទ្ធមានជ័យ គិតមកដល់ថ្ងៃនេះគឺលើកទី៥ហើយ សរុបបច្ច័យទាំងអស់ចំនួន១៥.៥០០០ដុល្លារ។ ហើយបច្ច័យចំនួន៥៥០០០ដុល្លារ ដែលនាំមកប្រគេននៅពេលនេះគឺសម្រាប់តែបង្ហើយដំបូលព្រះវិហារប៉ុណ្ណោះ។

ក្នុងនាមព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តព្រះពុទ្ធមានជ័យ ក៏ដូចជាពុទ្ធបរិស័ទនៅក្នុងខេត្តព្រះវិហារទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកូនចៅទាំងអស់ ដែលមានសទ្ធាជ្រះថ្លាបំពេញមហាកុសលតាំងពីដើមរៀងមករហូតដល់ថ្ងៃនេះ។

ដោយអំណាចផល្លានិសង្ឃ នៃការជ្រះថ្លាចំពោះគុណ នៃព្រះរតនៈត្រ័យកសាងព្រះវិហារថ្វាយចំពោះព្រះសម្មាសម្ពុទ្ធ តាំងពីដើមមករហូតថ្ងៃនេះ សូមឧទ្ទិសដល់លោកអ្នកដែលបានអនិច្ចកម្មទៅហើយ មានមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមបុណ្យកុសល្យទាំងឡាយទាំងពួង សូមឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធលោកទាំង២ សូមបានកើតនូវសុគតិភពនិងសើយសុខនៅក្នុងទេវលោកកុំបីអាក់ខានឡើយ៕